ក្រសួងព័ត៌មានពន្លឿនការផ្លាស់ប្តូរប្រពន្ធ័ផ្សាយទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថល ឲ្យហើយនៅឆ្នាំ២០២៣ខាងមុខ

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី
MC៖ ក្រសួងព័ត៌មានពន្លឿនការផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថល ឲ្យហើយនៅឆ្នាំ២០២៣ខាងមុខ តាមប្រសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃជំនួបជាមួយអ្នកសារព័ត៌មាន។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាអំពីការផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថល នៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ក្រសួងព័ត៌មាន ត្រៀមសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការពន្លឿនផែនការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ឌីជីថលឲ្យបានទាន់ពេលវេលា ដើម្បីធ្វើសមាហរណកម្មទូរទស្សន៍ឌីជីថលកម្ពុជានៅក្នុងតំបន់។
ឯកឧត្តមរដ្ឋមន្រ្តីធ្លាប់បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ឌីជីថល គឺមានគុណសម្បត្តិជាច្រើន ទំាងគុណភាពសម្លេង រូបភាព ល្បឿន ដែលធ្វើឲ្យអ្នកទស្សនាមានភាពជក់ចិត្ត ពិសេសរលកសញ្ញាប្រេកង់មិនរំខានឬឆ្លងទៅប៉ុស្តិ៍មួយទៀត។
ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំនេះ ត្រៀមដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំ ជាមួយក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ នាថ្ងៃទី២៩ ខែមករាខាងមុខនេះ ដោយធ្វើការពិនិត្យលើសេចក្តីព្រាងក្របខណ្ឌ គោលនយោបាយរាជរដ្ឋាភិបាឌីជីថល និងកិច្ចប្រជុំ ស្តីពីការផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ពីអាណាឡូក ទៅឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្រ្តីជំនាញបច្ចេកទេស ។
ឯកឧត្តម បានលើកឡើងដែរថា តាមទស្សនះវិស័យ និងផែនការក្នុងការ ផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថល ក្រសួងព័ត៌មាន បានធ្វើការយ៉ាងសកម្ម ជាមួយបណ្តាប្រទេសជាសមាជិក ជាសមាជិកអាស៊ាន តាំងពីឆ្នាំ២០០៤ ហើយជាបន្តបន្ទាប់មក មន្រ្តីជំនាញគ្រប់ផ្នែកពាក់ពន្ធ័របស់ក្រសួងព័ត៌មាន បានធ្វើជាផែនការសម្មភាព ដោយបានលើកជាគម្រោងពី ជំហានមួយទៅជំហានមួយ សម្រាប់អនាគតនៃការបញ្ចប់ការផ្សាយប្រព័ន្ធអាណាឡូក នៅឆ្នាំ២០២៣ ហើយបោះជំហានទៅធ្វើការផ្សាយ តាមប្រពន្ធ័ ឌីជីថល នៅក្នុងសហគមតំបន់ ក៏ដូចជា នៅលើពិភពលោក។
កិច្ចប្រជុំនាឱកាសនេះក៏បានសិក្សាពិភាក្សាគ្នាយ៉ាងល្អិតល្អន់ អំពីផែនការសកម្មភាព នៅក្នុងជំហាននីមួយៗពីឆ្នាំ២០២០ទៅដល់ឆ្នាំ២០២៣ តើត្រូវអនុវត្តន៍ ទៅតាមជំហានរបៀបណា ហើយតម្រូវការ ឥណទានពីរដ្ឋកំរិតណា ដែលជាការគិតគួរខ្ពស់ របស់ក្រសួងព័ត៌មាន នៅក្នុងផែនការសកម្មភាព លើការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថលនេះ ។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកព័ត៌មាន និងសោតទស្សន៏ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថល នេះមានសារៈសំខាន់ណាស់អាចជូនដំណឹងបានទាន់ពេលវេលា និងគុណភាពនៃពន្លឺ និងរូបភាពបានច្បាស់ល្អ។
សំឡេង៖ ការងារនេះនៅលើពិភពលោកបណ្ដាលប្រេកង់មួយចំនួន ដែលគេហៅថាប្រេកង់នៅតំបន់ប្រាំពីររយនេះត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍។ បើសិនជាយើងមិនប្ដូរទេ យើងមានបញ្ហាចោទ ត្រង់ថាទី១អាចបណ្ដាលប្រទេសជិតខាងយើង ដែលគេប្រើដូចទៅហើយយើងមិនទាន់ប្ដូរគឺយើងរំខានគេ។ ចំណុចមួយទៀតឧបករណ៍ផ្សព្វផ្សាយទាំងអស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាអាណាឡូកនេះនឹងលែងមានផលិតនៅលើបណ្ដាប្រទេសក្រុមហ៊ុនដែលគេជាអ្នកផលិតគឺគេផលិតឌីជីថលសម្រាប់ទីផ្សារធំៗ អញ្ជឹងយើងអត់មានសម្ភារៈគ្រឿងបន្លាស់ ដើម្បីនឹងផ្លាស់ប្ដូរនូវសម្ភារៈរបស់យើងត្រូវដែលត្រូវចាស់ខូចហើយនោះទេ។ ទី៣ នៅពេលដែលយើងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាឌីជីថល គុណភាពនៃពន្លឺ ឬគុណភាពនៃរូបភាព ដែលយើងផ្សព្វផ្សាយហ្នឹងវាបានច្បាស់ល្អ។ បើយើងធ្វើនូវប្រព័ន្ធមួយដែល ហៅថា network មួយគ្រប់គ្រងបាន វាអាចជូនព័ត៌មានផ្សេងៗ នៅក្នុងប្រព័ន្ធទូរទស្សន៍ លឿនជាង។ ប្រសិនបើមាន១០កម្មវិធីដែលត្រូវផ្សាយ យើងមានប្រព័ន្ធគ្រប់គ្រងជូនដំណឹងតែមួយទៅ គឺវានឹងលោតទាំងអស់ ដូចជាបញ្ហាគ្រោះធម្មជាតិផ្សេងៗ»។
សូមបញ្ជាក់ថា ក្រសួងព័ត៌មាន បានសម្រេចជាផ្លូវការក្នុងការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍អាណាឡូកទៅជាឌីជីថលយ៉ាងយូរ នៅត្រឹមដំណាច់ឆ្នាំ២០២៣ តាមស្មារតីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ៕