​អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាស់ចំនួន១លានម៉ាស់ រយៈពេល១ខែ ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន

AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ — អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមចែក​​ម៉ាស់(mask) ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិអន្តរជាតិប្រជាពលរដ្ឋ​​នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុស កូរ៉ូណាប្រភេទថ្មី(nCoV2019) ដែលបានកំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយ​ចំនួនទៀតនោះដែលមិនទាន់មានថ្នាំព្យាបាល អាចធ្វើឱ្យមនុស្សស្លាប់ ក្នុងរយៈពេលខ្លី។

ពិធីចែកម៉ាស់នេះ ធ្វើឡើងក្រោម​វត្តមានលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ន គរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់ រួមនិងអាជ្ញាធរ​ក្រុងប៉ោយប៉ែតចូលរួមផងដែរ។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងថា ម៉ាស់​ដែលត្រូវចែកក្នុងរយៈពេល១ខែ ដោយគិតចំនួន១លានម៉ាស់ បានមកពីជំនួយរបស់ សប្បុរសជននានា​ចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ។

ទាក់ទងនឹងម៉ាស់នេះដែរ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ចាត់ទុកការចែកម៉ាស់ចំនួន១លានម៉ាស់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាវិធាន​ការដ៏ល្អ​ដើម្បីការពារចំពោះការឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។ ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកថា នេះជាវិធានការមួយដើម្បីឱ្យប្រុងប្រយ័ត្នពីការចម្លង ប៉ុន្តែ​មិនត្រូវដូរម៉ាស់គ្នាទេ ហើយត្រូវលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ផងដែរ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសូងសុខាភិបាលបានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ជំងឺរលាកសួតចម្លងដោយវីរុសកូរ៉ូណាបានឆ្លងទៅដល់ ប្រទេសមួយចំនួនរួមមាន៖  អាម៉េរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបុរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេស៊ី។ ខណៈប្រជាជនចិនបានស្លាប់ ៨០នាក់ហើយ ដោយសារជំងឺរលាកសួត ចម្លងដោយ វីរុសកូរ៉ូណានេះ។ ដោយឡែកនៅក្នុង ប្រទេសកម្ពុជា​មិនទាន់មាន ជំងឺរលាកសួត ចម្លងដោយ វីរុសកូរ៉ូណា នេះទេ​៕

ដោយឈុនសារ៉ាត