ភ្ញៀវទេសចរជាង១ម៉ឺន៧ពាន់នាក់បានទៅលេងខេត្តរតនគិរីនាឱកាសបុណ្យចូលឆ្នាំចិន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៧ ០១ ២០២០៖

ក្នុងរយៈពេល ៣ ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២០នេះ មានភ្ញៀវជាតិនិងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា លើទឹកដីខេត្តរតនគិរីមានចំនួន១៧.៨៩០នាក់ប៉ុន្តែតួរលេខ នេះមានការធ្លាក់ចុះជាង៣ភាគរយបើប្រៀបធៀបឆ្នាំ២០១៩មានភ្ញៀវទេសចរជាង១ម៉ឺន៨ពាន់នាក់។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី២៧ ខែមករា អោយដឹងថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករានេះ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ប៉ុន្តែវារាងធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ។ លោកបញ្ជាក់ថា ទោះបីមានការធ្លាក់ចុះបន្តិចក្តី ប៉ុន្តែមិនបណ្តាលឲ្យប៉ៈពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តឬចំណូលរបស់ប្រជាសហគមន៍ទេសចរណ៍ឡើយ ។
លោកប្រធានមន្ទីរបានបង្ហាញពីមូលហេតុនៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរឆ្នាំនេះគឺដោយ សារភ្ញៀវទេសចរភាគច្រើន បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុនិងខេត្តសៀមរាបវិញ បន្ទាប់ពីខេត្តទាំងពីរនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តារឡើងវិញ វិស័យទេសចរណ៍មានភាពល្អប្រសើរឡើងវិញនោះ ។
សំលេង« ការថយចុះនេះវាមិនមែនថយចុះក្នុងភាពអវិជ្ជមាននោះទេ គឺថយចុះក្នុងភាពវិជ្ជមាន បានន័យថា គេនៅតែមកលេងដែរតែមកលេងតិចជាងឆ្នាំទៅ ។ អញ្ចឹងហើយយើងឃើញថា និន្នាការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធយើងឃើញមានការៀបចំបើកឲ្យទៅកម្សាន្តនៅតំបន់ឆ្នេរហើយនិងតំបន់សៀមរាប ក៏រាជរដ្ឋាភិបាលនិងក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យតំបន់ទាក់ទាញដើម្បីឲ្យប្រជាពលរដ្ឋទៅកម្សាន្តនៅខេត្តទាំងពីរ ជាគោលដៅតំបន់ពោលទីពីរនិងទីបីបន្ទាប់ពីក្រុងភ្នំពេញនិងភូមិភាគឦសាន » ។
លោក ង៉ែត វិទូ បានឲ្យដឹងថា ទោះបីមានការធ្លាក់ចុះភ្ញៀវទេសចរបន្តិចក្តី ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា រមណីយដ្ឋានធម្មជាតិមួយចំនួនដូចជា បឹងយក្សឡោម, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់៧ជាន់អូរស៊ិនលែ, និង រមណីយដ្ឋានបឹងលំគុដជាដើម ប្រជាពលរដ្ឋខ្មែរដែលមួយចំនួន ជាប់ស្រឡាយចិន មកពីទីជិតឆ្ងាយនិងភ្ញៀវអន្តរជាតិបាននាំគ្នាបានទៅលេងកម្សាន្តនៅតំបន់ទាំងនោះយ៉ាងច្រើនកុះករក្រៃលែង ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសន្យានឹងបន្តកែលម្អតំបន់ទេសចរណ៍នានានៅទូ ទំាងខេត្តឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវឲ្យទៅលេងខេត្តនេះបានកាន់តែច្រើន៕