សហរដ្ឋអាមេរិកធ្វើការជម្លៀសបុគ្គលិកស្ថានកុងស៊ុល និងពលរដ្ឋអាម៉េរិកមួយចំនួនចេញពី ខេត្តវូហាន ស្របពេលដែលកំពុងមានការផ្ទុះឡើងនូវជំងឺកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​ — ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងធ្វើការជម្លៀសបុគ្គលិកនៅស្ថានកុងស៊ុលរបស់ខ្លួននៅខេត្តវូហាន ទៅកាន់សហរដ្ឋអាមេរិកវិញ ហើយនឹងផ្តល់កន្លែងនូវសំបុត្រយន្តហោះដែលមានចំនួនកំណត់សម្រាប់ពលរដ្ឋអាម៉េរិក ដើម្បីហោះហើរចេញពីចំណុចកណ្តាលនៃការផ្ទុះឡើង នៃវីរុសកូរ៉ូណា ដែលជាវីរុសឆ្លងដ៏សាហាវ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា យោងតាមសេចក្តីថ្លែងការណ៍តាម អ៊ីម៉ែលបានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអាម៉េរិកឯកជនមួយចំនួននឹងអាចឡើងយន្ដហោះចាកចេញពីទីក្រុងវូហាននៅថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២០ ឆ្ពោះទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា បុគ្គលឯកជនដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះនឹងត្រូវបានផ្តល់អាទិភាព។

នៅមុននេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តផ្តោតជាសំខាន់ទៅលើការខិតខំរបស់ខ្លួន ដើម្បីប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លងថ្មី កូរ៉ូណាវីរុស នេះ។

យោងតាមអាជ្ញាធរសុខាភិបាលចិនបានឱ្យដឹងថា បច្ចុប្បន្នមានករណីឆ្លងកូរ៉ូណាវីរុសនេះចំនួន ១.៩៧០ករណីហើយនៅក្នុងប្រទេសចិន ខណៈដែលចំនួនអ្នកស្លាប់មានដល់ ៥៦នាក់៕

ប្រភេទមេរោគឆ្លងថ្មីដែលអង្គការសុខភាពពិភពលោក (WHO) ដាក់ឈ្មោះថា មេរោគ 2019-nCoV បានចុះបញ្ជីរួចហើយនៅក្នុងប្រទេសថៃ ជប៉ុន វៀតណាម កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបូរី ម៉ាកាវ នេប៉ាល់ បារាំង សហរដ្ឋអាមេរិក និង អូស្ត្រាលី។ មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល Sunnybrook ក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃសៅរ៍ថា មានអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺរបស់ខ្លួនបានធ្វើ តេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណានេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)