ក្រសួងសុខាភិបាលព្រមានចាត់វិធានការច្បាប់ចំពោះអ្នកផ្សាយព័ត៌មានមិនពិតថាមានមេរោគកូរ៉ូណាថ្មីមកដល់កម្ពុជា

វិទ្យុជាតិកម្ពុជា ហុក សុខរិន ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៖

ក្រសួងសុខាភិបាលព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលផ្សព្វផ្សាយព័ត៌ មានមិនពិតដែលលើកឡើងថាមានមេរោគកូរ៉ូណាថ្មីមកដល់កម្ពុជា ដើម្បីការពារកុំអោយប្រជាពលរដ្ឋមានការភាន់ច្រលំ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់វិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករានេះ ដោយអៈអាងថា មកដល់ ព្រឹកថ្ងៃនេះជំងឺរលាកសួតប្រភេទថ្មីដែលបង្កដោយមេរោគកូរ៉ូណាមិនទាន់មកដល់កម្ពុជានៅឡើយទេ ហើយបានស្នើទៅដល់ម្ចាស់គណនីហ្វេសប៊ុកមួយចំនួនឲ្យបញ្ឈប់និងលុបចោលការផ្សាយព័ត៌មានមិនពិតថា ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី បានមកដល់កម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការផ្សាយព័ត៌មានមិនពិតបែបនេះ គឺជាទង្វើប្រាសចាកសីលធម៌-សច្ចធម៌ ដែលមិនអាចអត់ឱនឲ្យបានឡើយ ខណៈដែលក្រសួងសុខាភិបាល មានកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់កុំឲ្យមេរោគកូរ៉ូណា មិនឲ្យជ្រៀតចូលមកដល់កម្ពុជា។
«យើងអំពាវនាវហើយសូមឲ្យគាត់បញ្ឈប់សកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនេះជាបន្ទាន់ ហើយមួយដំណាក់ទៀតក្រសួងនិងចាត់ចែងវិធានការទៅតាមនីតិវិធីច្បាប់របស់កម្ពុជា»
លោកជំទាវបានបញ្ជាក់ថា ទោះបីពេលនេះមេរោគកូរ៉ូណាថ្មីមិនទាន់មកដល់កម្ពុជាក៏ដោយ ប៉ុន្តែ ប្រជាពលរដ្ឋត្រូវតែបង្កើនកិច្ចការពារខ្លួនឯងបន្ថែមទៀត ដើម្បីធានាប្រសិទ្ធិភាពកុំឲ្យឆ្លងជំងឺ ប្រភេទនេះ ខណៈវាកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេស៊ី។

លោកជំទាវបញ្ជាក់ថា ដើម្បីការពារការរាតត្បាតនៃជំងឺប្រភេទថ្មីនៅកម្ពុជា ក្រសួងសុខាភិបាលបាន ដាក់ម៉ាស៊ីនស្គែនកម្ដៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័កនៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាបត្រៀមសម្ភារបរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាល។
សូមបញ្ជាក់ថាមកដល់ពេលនេះ អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមឈ្មោះកូរ៉ូណា នៅក្នុងប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករានេះ បានកើនដល់៨០នាក់ ខណៈអត្រាអ្នកឆ្លងមេរោគនេះ កើនឡើង២៥០០ករណី។នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបរទេស៕