ឯកឧត្តម ស៊ា​ក ឡេង និង ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព លោក អ៊ុ​ល កែវ អតីត​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​មេមត់

​(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ត្បូងឃ្មុំ រួមជាមួយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​លោក លោកស្រី ដែលជា​ប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀត នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ នេះ បាន​អញ្ជើញ​ចូលរួម​រំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​លោក អ៊ុ​ល កែវ ដែល​បានទទួល​មរណៈភាព​កាលពី​ម៉ោង ១២​និង​៤៧​នាទី​នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០​នេះ ។
​នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នោះ ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​សម្តែង​នូវ​ការចូលរួម​មរណៈទុក្ខ និង​បង្ហាញ​ពី​អារម្មណ៍ ពិតជា​មានការ​សោកស្ដាយ និង ក្រៀមក្រំ​ជាទីបំផុត ខណៈដែល​បាត់បង់​រូប លោក អ៊ុ​ល កែវ ដែលជា ធនធាន មនុស្ស មួយរូប ដែល​ពោរពេញ​ទៅដោយ សមត្ថភាព និង ទេពកោសល្យ​។


​ជាការ​ចូលរួមចំណែក​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​នេះ ឯកឧត្តម ស៊ា​ក ឡេង និង ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​នៃ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​ជូន​សារលិខិត​រំលែក​មរណ​ទុក្ខ​ជូន​ចំពោះ​លោកស្រី យីន គឹម​លាង និង​ក្រុមគ្រួសារ សព លោក អ៊ុ​ល កែវ ដោយ​ក្នុងនាម​ឯកឧត្តម​ផ្ទាល់ និង ប្រតិភូ មាន​សេចក្តី​ស​ង្វែ​គ​តក់ស្លុត​រន្ធត់ចិត្ត​ឥតឧបមា ដោយ​លោក អ៊ុ​ល កែវ បានទទួល​មរណភាព កាលពី​ថ្ងៃ​សៅរ៍ ១​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក​ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមករា​ឆ្នាំ ២០២០ វេលា​ម៉ោង ១២ និង ៤៧ នាទី​ថ្ងៃត្រង់​ក្នុង​ជន្មាយុ ៧២ ឆ្នាំ​ដោយ​រោគាពាធ​។​


​ឯកឧត្តម ស៊ា​ក ឡេង និង ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ជូន​សារ ថា ការទទួល​មរណៈភាព​របស់លោក អ៊ុ​ល កែវ គឺជា​ការបាត់បង់​នូវ​ស្វាមី ឪពុក ឪពុកក្មេក និង​ជីតា ជាទីគោរព​ស្រឡាញ់​ដឹងគុណ​ដល់​ជ្រាលជ្រៅ ប្រកបដោយ​សង្គហធម៌ និង​ព្រហ្ម​វិហារធម៌ របស់លោក​ស្រី​និង​កូនចៅ ហើយក៏​ជាការ​បាត់បង់​នូវ​ធនធាន​ដ៏​សំខាន់​មួយរូប​របស់​ប្រទេសជាតិ ដែលជា​និច្ចកាល បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចការងារ​បម្រើ​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ស្រុក​មេមត់ ជាពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការផ្ដល់ និង​ផ្ទេរ​ចំណេះដឹង ក្នុងការ​អប់រំ​កូនចៅ ព្រមទាំង​មន្ត្រី​ក្រោម ឱវាទ​របស់ខ្លួន​ឱ្យក្លាយ​ជា​អ្នក​បន្តវេន​ដ៏​មានតម្លៃ​របស់​សង្គមជាតិ​។
​សមិទ្ធផល​និង​ស្នាដៃ​រួមជាមួយ​សមត្ថភាព​ដ៏​គួរ​ឲ្យ​គោរព​ស្ញប់ស្ញែង របស់លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​ប្រែក្លាយជា​បទពិសោធ​ន៍ និង​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​ជាទីបំផុត ដល់​កូនចៅ​ជំនាន់​ក្រោយ សិក្សា​រៀនសូត្រ​គោរព​ប្រតិបត្តិ​នឹង​យកទៅ​ប្រើប្រាស់​ដើម្បី​បានជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រទេសជាតិ​។​


​សារលិខិត​បាន​បន្តថា​យើងខ្ញុំ​ទាំងអស់គ្នា​ចងចាំ​ជានិច្ច​និង​សូម​លំឱនកាយវាចា​ចិត្ត ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក អ៊ុ​ល កែវ សូម​បាន​ទៅ​ចាប់បដិសន្ធិ ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។
​ចុង​ប​ញ្វ​ប់ នៃ​សារលិខិត ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៃ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ សូម​គោរព​ជូន​ដល់​លោកស្រី និង​ក្រុមគ្រួសារ​សព សូម​ទទួល​នូវ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​អំពី​យើងខ្ញុំ​ទាំងអស់គ្នា ៕​