អភិបាលខេត្ត​ព្រះវិហារ ធ្វើការ​អំពាវនាវ​ទៅកាន់​សមណៈ​សិស្ស និង​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ដើម្បី​អនាគត​ខ្លួនឯង និង​សង្គមជាតិ !

(​ព្រះវិហារ)​៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ និង​លោកជំទាវ អមដំណើរ​ដោយ​ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ និង​មន្ត្រីរាជការ នៃ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែមករា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ សមណៈ​សិស្ស និង​ប្អូនៗ​សិស្សានុសិស្ស នៅក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ប់​រំ​ផ្នែក​ព្រះពុទ្ធសាសនា ដែលមាន​សមណៈ​សិស្ស និង​សិស្សានុសិស្ស ចំនួន​៣៧១​អង្គ​នាក់ កំពុង​សិក្សា​រៀនសូត្រ ស្ថិតនៅក្នុង​វត្ត​ប្រាសាទព្រះខ័ន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

​ថ្លែង​ទៅកាន់​សមណៈ​សិស្ស និង​ប្អូនៗ​សិស្សានុសិស្ស​ទាំង​ជាង​៣០០​អង្គ​នាក់ នាឱកាស​នោះ​ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ថា​៖ «​ទោះបីជា​មជ្ឍមណ្ឌល​បណ្តុះ​បណ្តាល​អប់រំ ផ្នែក​ព្រះពុទ្ធសាសនា​នេះ នៅ​កំពុងមាន​ការខ្វះខាត​សាលាបង្រៀន​ក្តី យើង​ក៏​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​តស៊ូ​សិក្សា​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង​ជួយ​ទៅដល់​ប្រទេសជាតិ នឹង​ខ្លួន​យើង​ទៅ​ថ្ងៃ​អនាគត ក៏ដូចជា​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ​» ។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ប្រាក់ សុវណ្ណ ក៏បាន​ធ្វើការ​វាយ​តំលៃ និង​កោតសរសើរ​ខ្ពស់ ដែល​នៅតាម​ទី​វត្ត​អារាម បាន​យក​វិស័យ​អប់រំ​ជា​ចំបង នៅ​ការបង្ហាត់បង្រៀន និង​អប់រំ ទៅដល់​ប្អូនៗ​សិស្សានុសិស្ស និង​សមណៈ​សិស្ស ឲ្យ​មានចំណេះ​ចេះដឹង ច្បាស់លាស់ ពិតប្រាកដ ដើម្បី​រួមចំណែក​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​កសាង​សង្គមជាតិ​យើង ឲ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​រុងរឿង ទៅ​ថ្ងៃ​អនាគត ។​

​បន្ថែម​ពី​នោះ​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ក៏បាន​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះគ្រូ​ចៅអធិការ​វត្ត បញ្ញា​សីល​ញាណ នាត​សុ​ផានិត ទី​ព្រឹក្សា​ផ្ទាល់​សម្តេច​មហាសុមេធាធិបតី នួន ងែ​ត ដែល​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​គ្រប់គ្រង និង​ជម្រុញ ហើយ​ទទួលបន្ទុក​ខុសត្រូវ​ខ្ពស់ លើ​ការងារ​សិក្សាអប់រំ​នេះ បើទោះបីជា​សាលារៀន នៅមាន​ការខ្វះខាត ៕​ (ដោយ ៖ មន្ទីរខេត្តព្រះវិហារ)