លោកជំទាវ​ សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច​ ធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន

វិទ្យុជាតិកម្ពុជា៖លោក ចេម ហួត

ភ្នំពេញ៖លោកជំទាវ សៅ ទី ហេង សំរិន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារ ជា សម្តេច​ ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន​។ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​ បានអញ្ជើញយកព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប្រគល់ជូន​ សម្តេច​ ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន​ នា រសៀលថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២០​ នៅគេហដ្ឋាន​របស់សម្តេច។

នៅក្នុងព្រះរាជក្រឹត្យដែល ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ទ្រង់បានបញ្ជាក់ថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានគាំទ្រតស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្ដិ តាំងពីដើមរហូតមក ក្នុងការដឹកនាំយ៉ាងអង់អាចក្លាហាន ជាអ្នកស្នេហាជាតិ ការពារជាតិ និងសាសនា និងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀង តាមមាគ៌ានយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិ ខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ដើម្បីជាតិ មាតុភូមិកម្ពុជា។

សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រសូត្រនៅឆ្នាំ១៩៣៨នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អតីត ខេត្តកំពង់ចាម។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងខែមីនាឆ្នាំ១៩៥៧។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ បានមានព្រះរាជចំណារបន្តថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានដឹកនាំ កសាង និងគោរពព្រះពុទ្ធសាសនាឲ្យមានការអភិវឌ្ឍរីកចម្រើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជក្រឹត្យ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានលើកឡើងបន្ថែមថា សម្តេចធម្មវិសុទ្ធវង្សា បានបរិច្ចាគកម្លាំងកាយចិត្ត និង ទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាបរិសុទ្ធដ៏ខ្ពង់ខ្ពស់បំផុត ជូនសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រកាន់ខ្ជាប់ក្នុងសេចក្តីបរិសុទ្ធដ៏វិសេសវិសាលក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងតាមក្រសួងស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋទូទៅ បានចូលរួម អបអរសាទរ​ សម្តេច​ ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជាបន្តបន្ទាប់ នៅក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យ​ ចុះថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២០​ ត្រាស់បង្គាប់ ផ្តល់គោរមងារ លោកជំទាវ ជា សម្តេច​ ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន​៕