ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ២គ្រួសារ នៅឃុំអូរម្លូ ស្រុកស្ទឹងត្រង់ទទួលអំណោយពីកាកបាទក្រហម និងពីសប្បុសជន

 

វិទ្យុជាតិកម្ពុជាដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម

លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា តំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា រួមដំណើរជាមួយ លោកជំទាវ សមាជិកព្រឹទ្ធ និងរដ្ឋសភា ព្រមទាំង មន្ត្រីសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា និងអំណោយ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ទៅចែកជូនប្រជាពលរដ្ឋ ២គ្រួសារ ដែលទទួលរងគ្រោះដោយអគ្គីភ័យ ឆាបឆេះផ្ទះអស់ ២ខ្នង ស្ថិតនៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
គួររំលឹកថា កាលពីព្រឹក វេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី២៤ ខែមករា កន្លងទៅ មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ អគ្គិភ័យនោះ បណ្ដាលមកពី ការធ្វែសប្រហែស របស់ម្ចាស់ផ្ទះ ខណៈដែលដុតធូបទុកចោល នៅក្នុងឱកាសថ្ងៃសែនចូលឆ្នាំចិន និងបានឆាបឆេះផ្ទះទំហំ ១០ម×១៦ម សង់អំពីឈើ ប្រក់គ្បឿង របស់ឈ្មោះ មីន ផា អាយុ ៤៨ឆ្នាំ និង ១ខ្នងទៀត ផ្ទះមានទំហំ ៨ម×១៦ សង់អំពីឈើ ប្រក់គ្បឿង ជាផ្ទះ របស់ ឈ្មោះ លី លាង ភេទប្រុស អាយុ ៥៨ឆ្នាំ ។ ក្រៅពីបាត់បង់ផ្ទះ និងទ្រព្យសម្បត្តិ ករណីនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឡើយ ។
នាឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជូនចំពោះ ប្រជាពលរដ្ឋរងគ្រោះទាំង ២គ្រួសារ ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងចាត់តំណាងចុះអន្តរាគមន៍ ជួយដោះស្រាយទុក្ខលំបាក ទាន់ពេលវេលា ដល់ប្រជាពលរដ្ឋដែលរងគ្រោះ នៅគ្រប់ទីកន្លែង ដោយមិនរើសអើង តាមពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយ ចំពោះ ឧប្បត្តិហេតុ ដែលកើតឡើងដោយនឹកស្មានមិនដល់នេះ ផងដែរ ហើយបានលើកទឹកចិត្ត ដល់គ្រួសាររងគ្រោះ សូមកុំអស់ សង្ឃឹមក្នុងជីវិត ត្រូវតែខិតខំប្រឹងប្រែងបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗទៀត ដើម្បី ចិញ្ចឹមជីវិត និងស្តារសេដ្ឋកិច្ចគ្រួសារ ឡើងវិញ ។

នាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានផ្តល់អំណោយជូន គ្រួសាររងគ្រោះទាំង ២ ដោយក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង តង់ធំ ១ កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងថវិកា ចំនួន ២០០.០០០រៀល ។ ដោយឡែក អនុសាខាស្រុក ផ្តល់ជូន ក្នុង ១គ្រួសារ ទទួលបាន សម្ភារៈដំណេក និងផ្ទះបាយ ១សម្រាប់ និងថវិកា ១០០.០០០រៀល ។
ជាមួយនោះដែរ ក៏មានសប្បុរស ជន រួមមាន លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន លោកជំទាវ ស្រី គឹមឆយ និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តថវិកាចំនួន ៥០.០០០រៀល បានផ្តល់អំណោយបន្ថែម ដល់គ្រួសារទាំង នេះដោយ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ មី ១កេស ទឺកសុទ្ធ ១កេស ទឹកត្រី ១យួរ ស៊ីអ៊ីវ ១យួរ ត្រីខ ១០ កំប៉ុង ប្រេងឆា ២ លីត្រ ស្ករស ១ គក្រ អំបិលអ៊ីយ៉ូត ១គក្រ សាប៊ូ ២កញ្ចប់ ។ ក្រៅពីនោះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ក៏បានផ្ដល់ជូនថវិកា ចំនួន ៥០០.០០០រៀល ដល់គ្រួសាររងគ្រោះទាំង ២ខាងលើ ផងដែរ ៕