អភិបាលខេត្តប៉ៃលិនអំពាវនាវឱ្យប្រជាពលរដ្ឋពេលបើកបរ និងអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា៖

ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវបែបនេះ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅក្បែរវិមានឯករាជ្យខេត្ត ក្នុងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ ដោយក្នុងយុទ្ធនាការនេះ ក៍មានការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរ ស្តីពីច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកជូននូវមួកសុវត្ថិភាព ឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ គ្រោះថ្នាក់ចរាចរណ៍ ជាឃាតកលាក់មុខដែលបានឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ដោយសារការធ្វេសប្រហែស និងមិនគោរពច្បាប់ ហើយមហន្តរាយដ៏ធំធេងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្តើមចេញកត្តា៣គឺមនុស្ស សម្ភារៈ និងផ្លូវ ដូច្នេះកត្តាទាំង៣នេះ សូមឲ្យយើងទាំងអស់គ្នា មានការប្រុងប្រយ័ត្ន ជាពិសេសបងប្អូនអ្នករត់តាក់ស៊ី និងម៉ូតូឌុប ត្រូវតែ បង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ និងពេលបើកបរ ព្រោះថាយ៉ាងហោចណាស់មានអ្នកជិះ៣ទៅ៥នាក់ដែលបានផ្ញើរជីវិត ទៅលើអ្នកបើកបរ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា៖ សកម្មភាពចុះចែកមួកដល់អ្នកបញ្ជាទោចក្រយានយន្តនាពេលនេះ គឺជាការដាស់ស្មារតីដល់អ្នកបើកបរទាំងឡាយ ឲ្យមានការប្រុងប្រយ័ត្នលើបញ្ហាសុវត្ថិភាពក្នុងពេលបើកបរ ព្រោះនៅពេលមានការប៉ះទង្គិចដោយប្រការណាមួយ មួកសុវត្ថិភាពអាចការពារក្បាលរបស់អ្នក ពីគ្រោះថ្នាក់ទាំងនោះបានយ៉ាងមានប្រសិទ្ឋភាព ។
លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងថា៖ យុទ្ឋនាការនេះក្រៅពីចែកមួកជូនដល់ប្រជាពលរដ្ឋនឹងអ្នកដំណើរនាឱកាសនេះ មន្ត្រីជំនាញ និងសមត្ថកិច្ចផ្នែកចរាចរណ៍ ក៍បានអប់រំផ្សព្វផ្សាយ ដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវទាំងឡាយ ត្រូវប្រកាន់ភ្ជាប់នូវស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ជា សីហា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងថា៖ បើប្រៀបធៀបនឹងឆ្នាំ២០១៨ នៅឆ្នាំ២០១៩ គឺករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ចំនួន ១២ករណី ដោយឆ្នាំ២០១៨ មាន៥០ករណី និងឆ្នាំ២០១៩ មាន៣៨ករណី ចំណែកចំនួនអ្នកស្លាប់មានការកើនឡើង ចំនួន ៥នាក់ ដោយឆ្នាំ២០១៨ ស្លាប់ ចំនួន ១៣នាក់ និងឆ្នាំ២០១៩ ស្លាប់ ចំនួន ១៨នាក់, អ្នករបួសធ្ងន់ មានការថយចុះ ចំនួន ១១នាក់ ដោយឆ្នាំ២០១៨ របួស ចំនួន ៤៩នាក់ និងឆ្នាំ២០១៩ របួស ចំនួន ៤៩នាក់, និងរបួសស្រាល មានការថយចុះ ចំនួន ៧នាក់ ដោយឆ្នាំ២០១៨ របួស ចំនួន ៣៨នាក់ និងឆ្នាំ២០១៩ របួស ចំនួន ៣១នាក់៕
ញ៉ឹប បូរី ប៉ៃលិន