លោក ពូទីន ស្នើឱ្យមានកិច្ចប្រជុំកំពូលនៃសមាជិកអចិន្រ្តៃយ៍ ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប (UNSC)ទាំង៥ នៅឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ​ពូទីន បានស្នើឱ្យមានកិច្ចប្រជុំកំពូលរបស់មេដឹកនាំ​រុស្ស៊ីចិន អាម៉េរិក បារាំង និង អង់គ្លេសនៅឆ្នាំ ២០២០នេះ ដើម្បីពិភាក្សាអំពី​កិច្ចការ​ពិភពលោក។

លោក ពូទីន បានប្រាប់វេទិកាសន្តិភាពពិភពលោកលើកទី៥ថា « ការមិនយកចិត្តទុកដាក់ លើអតីតកាល និងការមិនចុះសម្រុងគ្នា ចំពោះការគំរាមកំហែង អាចបង្កឱ្យមានផលវិបាកគួរ​ឱ្យភ័យខ្លាច។ យើងគួរតែមានភាពក្លាហានមិនត្រឹមតែនិយាយត្រង់ៗប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើអ្វី​គ្រប់យ៉ាងនៅក្នុងអំណាចដើម្បីការពារ និងការពារសន្តិភាព »។

តាមគំនិតរបស់លោក ប្រទេសស្ថាបនិកចំនួនប្រាំរបស់អង្គការសហប្រជាជាតិ ដែល​ជាមហាអំណាចទាំង៥ ដែលទទួលខុសត្រូវពិសេស ក្នុងការអភិរក្សអរិយធម៌ អាចនឹងត្រូវតែ​ធ្វើ​ជាគំរូមួយ។

លោក ពូទីន បានបញ្ជាក់ថា លោកបានពិភាក្សាលើគំនិតនេះ ជាមួយមិត្តរួមការងារមួយ​ចំនួនរួចហើយ ដើម្បីស្តាប់ការឆ្លើយតបជាវិជ្ជមានរបស់ពួកគេ។

មេដឹកនាំរុស្ស៊ីរូបនេះ បានស្នើឱ្យមានកិច្ចប្រជុំប្រមុខរដ្ឋចេញពីសមាជិកអចិន្រ្តៃយ៍នៃ​ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិដែលមានប្រទេស រុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស នៅក្នុងប្រទេសណាមួយ និងនៅចំណុចណាមួយនៅលើពិភពលោក ដែលសមភាគីមានភាពងាយស្រួល។

លោក ពូទីន បានសន្យាថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនសម្រាប់ការពិភាក្សាដ៏មាន​សារៈសំខាន់​បែបនេះ។ យើងបានត្រៀមបញ្ជូនសារ ដែលត្រូវគ្នាទៅមេដឹកនាំទាំង៥នេះ ដោយ​មិនបង្អង់យូរឡើយ ។

តាមគំនិតរបស់លោក សមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍ប្រឈមនឹងភារកិច្ច​ជាច្រើន។ ឧទាហរណ៍៖ លោកបានលើកឡើងពីបញ្ហាលីប៊ី ដែលត្រូវបានពិភាក្សា​នៅទីក្រុង​ប៊ែកឡាំង កាលពីពេលថ្មីៗនេះ។

លោក ពូទីន បានសង្កត់ធ្ងន់ថា យើងត្រូវត្រឡប់ទៅរកបញ្ហានេះ នៅក្នុងក្រុមប្រឹក្សា​សន្តិសុខ ​អ.ស.ប នឹងដើម្បីអនុម័តនូវដំណោះស្រាយដែលត្រូវគ្នាមួយផងដែរ។ មានបញ្ហាជាច្រើនទៀតផងដែរ។ នៅក្នុងគំនិតរបស់លោកការបើកការប្រជុំបែបនេះនៅឆ្នាំនេះ ក្នុងឆ្នាំ២០២០ នឹងមានសារៈសំខាន់ណាស់ និងជានិមិត្តរូប។

លោកបានគូសបញ្ជាក់ថា « យើងកំពុងប្រារព្វខួប៧៥ឆ្នាំ​ ចាប់តាំងពីការបញ្ចប់នៃ​សង្គ្រាម​លោកលើកទី ២ នឹងការបង្កើតអង្គការសហប្រជាជាតិ  »៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)