របាយការណ៍៖ ចំនួនករណីឆ្លងវីរុសកូរ៉ូណា (Coronavirus) នៅក្នុងប្រទេសចិន កើនឡើងដល់ ៨៣០នាក់ និង២៥នាក់ស្លាប់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — ការផ្ទុះឡើងនៃជំងឺរលាកសួតដែលមិនធ្លាប់មានពីមុនមក ដែលក្រោយមកត្រូវបាន​គេ​កំណត់ថាជាវីរុសឆ្លងថ្មី ដែលមានដើមកំណើតនៅទីក្រុង Wuhan ប្រទេសចិន កាលពីចុងខែធ្នូ កន្លងទៅនេះ ហើយចាប់តាំងពីពេលនោះមកបានរាលដាលដល់ប្រទេសនានាជាច្រើនទៀត។

ទូរទស្សន៍រដ្ឋចិន CCTV ​បានរាយការណ៍នៅថ្ងៃសុក្រនេះថា គណៈកម្មការសុខភាព​ជាតិ​ចិនបានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណា សរុបចំនួន ៨៣០នាក់ និង២៥នាក់បាន​ស្លាប់​ដោយសារវីរុសថ្មីនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា គិតត្រឹមម៉ោង ២៤ និង០០នាទី ថ្ងៃទី ២៣ ខែមករា ​គណៈកម្មការសុខភាពជាតិបានទទួលករណីឆ្លងវីរុសថ្មីចំនួន ៨៣០ករណី ដែលបានបញ្ជាក់​នៅខេត្តចំនួន២៩(តំបន់ស្វយ័ត និងក្រុង) ក្នុងនោះមានករណីធ្ងន់ធ្ងរចំនួន ១៧៧ករណី និង​មនុស្សស្លាប់ ២៥នាក់ ក្នុងនោះមាន ២៤នាក់នៅខេត្តហ៊ូប៉ី។

ឥឡូវនេះ មនុស្សជាង ៨០០០នាក់ កំពុងស្ថិតនៅក្រោមការពិនិត្យសុខភាព។ កាលពីពេលមុននេះ អាជ្ញាធរចិនបានរាយការណ៍ថា មាន ៦០០ករណី ហើយយ៉ាង​ហោច​​ណាស់​មានអ្នកស្លាប់ចំនួន ១៧នាក់ ដែលបណ្តាលមកពីការឆ្លងមេរោគផ្លូវដង្ហើមថ្មី​នេះ​ដែលត្រូវបានចុះបញ្ជីដំបូងនៅទីក្រុង Wuhan របស់ប្រទេសចិន ហើយត្រូវបានដាក់ស្លាកថា ជា​ឆ្នាំ 2019-nCoV ឬ Novel Coronavirus ដោយអង្គការសុខភាពពិភពលោក។

អ្នកឆ្លងទាំងនោះ បានបង្ហាញរោគសញ្ញានៃជំងឺរលាកសួត និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរផ្សេង​ទៀត។

ការព្រួយបារម្ភអំពីវីរុសនេះ មានការកើនឡើងនៅទូទាំងពិភពលោក ដោយសារករណី​វីរុសកូរ៉ូណាត្រូវបានគេចុះបញ្ជីរួចហើយនៅទីក្រុងហុងកុង ម៉ាកាវ តៃវ៉ាន់ ថៃ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ ជាផ្នែកមួយនៃវិធានការសុវត្ថិភាពរបស់ពួកគេ នៅតាមបណ្តា​ព្រលានយន្ត​ហោះ​នៅជុំវិញពិភពលោក កំពុងត្រួតពិនិត្យអ្នកដំណើរមកដល់សម្រាប់ជំងឺនេះ។

ជាមួយគ្នានេះដែរ នៅថ្ងៃសុក្រនេះ ទីភ្នាក់ងារសារព័ត៌មានយន់ហាប់(Yonhap) បាន​រាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានអះអាងពីករណីទី២មួយ នៃការឆ្លងវីរុសកូរ៉ូណា​នៅទីក្រុង Wuhan ប្រទេសចិន៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)