ប្រទេសវៀតណាមរាយការណ៍អំពីករណីឆ្លងវីរុសថ្មី កូរ៉ូណាវីរុស លើកទីមួយ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — ពលរដ្ឋចិនពីរនាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃ នៅទីក្រុងហូជីមិញបន្ទាប់ពីពួកគេបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសឆ្លងវីរុសថ្មី កូរ៉ូណាវីរុស (nCoV) ដែលជាវីរុសបណ្តាលឱ្យមានការរលាកសួតធ្ងន់ធ្ងរ និងកើតឡើងនៅទីក្រុងវូហាន (Wuhan) ប្រទេសចិន។

នេះជាករណីដំបូងនៃអ្នកដែលឆ្លងវីរុសនេះដែលវៀតណាម បានបញ្ជាក់ចាប់តាំងពីជំងឺនេះបានរាលដាលពីទីក្រុងវូហាន របស់ប្រទេសចិនកាលពីខែធ្នូ។

វេជ្ជបណ្ឌិត Nguyen Ngoc Sang មកពីនាយកដ្ឋានជំងឺត្រូពិកនៃមន្ទីរពេទ្យជោរៃ បាននិយាយថា លោក Li Ding អាយុ ៦៦ឆ្នាំ បានចេញពីទីក្រុងវូហាន នឹងទៅដល់ទីក្រុងហាណូយកាលពីថ្ងៃទី ១៣ ខែមករា មុនពេលទៅដល់ទីក្រុងញ៉ាត្រាងភាគកណ្តាលខេត្ត Khanh Hoa។

លោក Sang បាននិយាយថា កូនប្រុសរបស់គាត់មានឈ្មោះ Li Zichao មានអាយុ ២៨ឆ្នាំ ដែលបានរស់នៅក្នុងតំបន់ដីសណ្តទន្លេមេគង្គខេត្តឡុងអានដែលនៅជិតទីក្រុងហូជីមិញអស់រយៈពេល ៤ខែមកហើយនោះ បានទៅលេងគាត់នៅខេត្តញ៉ាត្រាង ហើយពួកគេទាំងពីរនាក់បានធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ និងខេត្តឡុងអាន។

ឪពុករូបនោះមានជំងឺគ្រុនក្តៅកាលពីថ្ងៃទី១៧ ខែមករា ខណៈដែលកូនប្រុសមានរោគសញ្ញាស្រដៀងគ្នានៅថ្ងៃទី២០ ខែមករា។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជោរៃ នៅយប់ថ្ងៃទី២២ ខែមករា។

ជំងឺគ្រុនក្តៅរបស់ពួកគេបានធូរស្បើយបន្ទាប់ពីទទួលការព្យាបាល ហើយឥឡូវនេះពួកគេអាចទទួលទានអាហារ និងភេសជ្ជៈបានហើយ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son ដែលបានមកមន្ទីរពេទ្យជោរៃ ដើម្បីពិនិត្យករណីទាំងនេះបាននិយាយថា នៅពេលដែលអ្នកជំងឺទាំងពីរបានធ្វើដំណើរឆ្លងកាត់កន្លែងផ្សេងៗគ្នា នឹងបានជួបមនុស្សជាច្រើននៅក្នុងប្រទេស ដូច្នេះវាអាចមានឱកាសឆ្លងជំងឺនេះទៅកាន់អ្នកផ្សេងទៀត។

លោក Son បានស្នើឱ្យការិយាល័យនៃក្រសួងសុខាភិបាលជូនដំណឹងដល់ខេត្តដែលអ្នកជំងឺបានមក និងនៅច្រកព្រំដែនដែលពួកគេបានឆ្លងកាត់។  លោកបាននិយាយបន្ថែមថា ក្រសួងនឹងបញ្ជូនឯកសារជាបន្ទាន់ទៅអាជ្ញាធរអាកាសយានដ្ឋានដាណាង និងខេមរ៉ាញ ដោយស្នើសុំឱ្យពួកគេរឹតបន្តឹងការគ្រប់គ្រងភ្ញៀវទេសចរចិន។

ការផ្ទុះឡើងនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសថ្មី កូរ៉ូណាវីរុស ដែលជាក្រុមគ្រួសារវីរុសដែលបណ្តាលឱ្យមានជំងឺ SARS និង MERS ដែលបានកើតឡើងជាលើកដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ ២០១៩។

ជំងឺនេះបានរាលដាលដល់ប្រទេស និងតំបន់ជាច្រើន។  គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានបញ្ជាក់អំពីករណីឆ្លងចំនួន ៥៤១ករណី និងមានអ្នកស្លាប់ចំនួន ១៧នាក់ គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)