រាជរដ្ឋាភិបាលក្រើនរំឭកពលរដ្ឋពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: រាជរដ្ឋាភិបាល ក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើនឡើងខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ដោយហេតុថា ក្នុងឱកាសបុណ្យធំៗ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាតែងតែកើតមានក្នុងអត្រាខ្ពស់។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសុំឲ្យអ្នកបើកបរយានយន្តគ្រប់រូបប្រតិបត្តិច្បាប់ចរាចរណ៍ដោយប្រកាន់ភ្ជាប់នូវការពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ការមិនប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ មិនប្រលែងគ្នាក្នុងពេលកាន់ដៃចង្កូត មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ និងគោរពសិទ្ធិអាទិភាព ជាដើមនេះ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យស្លាប់ និងរងរបួសដោយការធ្វេសប្រហែសនេះ។

ក្នុងឱកាសចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមករានេះ លោកជំទាវ បានបញ្ជាក់ថា ឱកាសដ៏សែនសប្បាយរីករាយនៃបុណ្យចូលឆ្នាំចិន-វៀតណាមនេះ យានយន្តធ្វើចរាចរណ៍នឹងមានកំណើនកើនឡើងខ្ពស់ខុសប្រក្រតីហើយអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ឬ ការកកស្ទះចរាចរណ៍ ដែលទាមទារឲ្យអ្នកបើកបរយានយន្តមានការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់។

យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានបង្ហាញថា អ្នកស្លាប់ក្នុងឱកាសពិធីបុណ្យសំខាន់ៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍តែងមាននិន្នាការកើនឡើងខុសពីថ្ងៃធម្មតា។
ចំនួនអ្នកស្លាប់នេះ ច្រើនបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវនិងការជែងក្នុងស្ថានភាពគ្រោះថ្នាក់បើកបរប្រើប្រាស់ទូរស័ព្ទដៃ ប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ជាដើម៕