សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកដល់អភិបាលខេត្ត ដែលក្នុងខេត្តរបស់ខ្លួនគ្រប់គ្រងមានព្រៃឈើ ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃ

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី ២៣ មករា ២០២០៖

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អភិបាលខេត្តទាំងអស់ ដែលក្នុងខេត្តរបស់ខ្លួនគ្រប់គ្រង មានព្រៃឈើ ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃ ពីព្រោះករណីនេះអាចធ្វើឲ្យបាត់បង់អាយុជីវិតមនុស្ស សត្វ និងខាតបង់ថវិកាអស់ជាច្រើនលានដុល្លារ។
ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត នៅខេត្តពោធិ៍សាត់ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់អភិបាលខេត្តទាំងអស់ដែលមានព្រៃឈើ និងប្រជាពលរដ្ឋផ្ទាល់តែម្ដង ត្រូវតែចូលរួមបង្ការ និងទប់ស្កាត់ករណីនេះឲ្យបានទាំងអស់គ្នាក្នុងរដូវក្ដៅនេះ។
សូមរំលឹកដល់ឯកឧត្តមអភិបាល ប្រធានក្រុមប្រឹក្សាតាមខេត្ត យកចិត្តទុកដាក់ ជាពិសេសខេត្តដែលមានព្រៃឈើសេសសល់ច្រើន ឬតិច ត្រូវយកចិត្តទុកដាក់ ដល់ភ្លើងព្រៃនេះ ឬក៏អគីភ័យផ្សេងៗទៀត ពីព្រោះថាធាតុអាកាសចាប់ផ្ដើមប្រែប្រួល។ នៅអូស្រ្តាលីប្រទេសគាត់រងគ្រោះសម្បើមណាស់ ដល់ប្រមាណជាង១លានហិកតា អត់មានពន្លត់ឈ្នះទេ ទោះបីប្រទេសនោះគឺជាប្រទេសរីកចម្រើនក៏ដោយ ក៏មិនអាចទប់បានដែរ ឆេះទាល់តែអស់។ ប៉ុន្តែភ្លើងឆេះអស់ វាចាប់ផ្ដើមមានភ្លៀងធ្លាក់ ទាល់តែមានភ្លៀងធ្លាក់មក អត់មានអីទប់វាកើតជាទឹកជំនន់មួយទៀត។ អញ្ចឹងខេត្តពោធិ៍សាត់យើង បើអស់នៅជួរភ្នំក្រវ៉ាញនេះ ពោធិ៍សាត់យើងលេចអស់ពេលភ្លៀង មក។ អញ្ចឹងមិនត្រូវមើលស្រាលបញ្ហានេះជាដាច់ខាត ត្រូវការពារ សុំឲ្យអភិបាលខេត្តយកចិត្តទុកដាក់គ្រប់កន្លែងមិនមែនតែពោធិ៍សាត់ទេ។
សូមរំលឹកដែរថា ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ក៏បានចេញសេចក្តីណែនាំស្តីអំពី វិធានការការពារនិង ទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈពេលដែលរដូវប្រាំងខិតជិតមកដល់ដោយកំណត់បង្ហាញពីមូលហេតុនិងសកម្មភាព ដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ បម្រាមនានា ក៏ដូចជាច្បាប់ជាធរមានក្នុងករណីបង្កឱ្យមានភ្លើងឆេះ ព្រៃដោយចេតនាណាមួយ។ កត្តាដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសកម្មភាពមនុស្សដោយផ្ទាល់។ ជាមួយគ្នានោះ ជនល្មើសនឹងត្រូវផ្តន្ទាទោសក្រោមបទលើ្មស ព្រៃឈើថ្នាក់ទី១ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី០៣ឆ្នាំទៅ០៥ឆ្នាំ ឬពី០៥ឆ្នាំទៅ១០ឆ្នាំ៕