លោក Macron និយាយថា បារាំងនឹងមិនផ្លាស់ប្តូរជំហរ របស់ខ្លួនចំពោះបញ្ហាមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០​ –ទីក្រុងតេហេរ៉ង់បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នឹងត្រូវបានពិនិត្យឡើងវិញបន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសកាលពីដើមខែនេះថា ពួកគេនឹងចាប់ផ្តើមយន្តការដោះស្រាយជម្លោះក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ទីក្រុងប៉ារីសនឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួន ស្តីពីមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ។

លោក Macron បាននិយាយថា «នៅក្នុងបរិបទបច្ចុប្បន្ននេះ ប្រទេសបារាំងប្តេជ្ញាថា អ៊ីរ៉ង់មិនដែលទទួលបានអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែយើងក៏ត្រូវចៀសវាងរាល់ការកើនឡើងខាងយោធា នៅក្នុងតំបន់ផងដែរ»។

នៅក្នុងពេលជាមួយគ្នានេះដែរ លោក Netanyahu បានអំពាវនាវឱ្យបារាំងណែនាំទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ជុំវិញចំណាត់ការរបស់ប្រទេសនេះដើម្បីបន្តធ្វើឱ្យប្រសើរឡើងនូវសារធាតុអ៊ុយរ៉ាញ៉ូម។

លោក Macron បានមកដល់ប្រទេសអ៊ីស្រាអែលសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ មុនពេលការប្រារព្ធពិធីរំលឹកខួប ៧៥ឆ្នាំចាប់តាំងពីការរំដោះជំរុំសម្លាប់រង្គាលរបស់ Nazi Auschwits។

កាលពីសប្តាហ៍មុន ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA បានបញ្ជាក់ថា ពួកគេបានផ្តួចផ្តើមយន្តការជម្លោះមួយដែលអាចមើលឃើញការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលប្រទេសអ៊ីរ៉ង់បានវិលត្រឡប់មកវិញបន្តិចម្តងៗចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង ដែលជំរុញដោយសហរដ្ឋអាមេរិកដកខ្លួនជាឯកតោភាគីចេញពីវានៅក្នុងឆ្នាំ ២០១៨ ។

ទីក្រុងតេហេរ៉ង់បានថ្កោលទោសចំពោះការសម្រេចចិត្ត ដែលបានធ្វើឡើងស្របពេលដែលមានរបាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដល់បណ្តាប្រទេសនៅអឺរ៉ុបក្នុងការដំឡើងពន្ធនាំចូលរថយន្ត ប្រសិនបើមិនមានសកម្មភាពណាមួយប្រឆាំងនឹងទីក្រុងតេហេរ៉ង់ទេ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)