សម្តេចពញាចក្រី ហេង សំរិន ថា សុខសន្តិភាពបានធ្វើឲ្យកម្ពុជាមានលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែរីកចម្រើន

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៣ ០១ ២០២០៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា សុខសន្តិភាពបានធ្វើឲ្យកម្ពុជាមានលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាព គឺជាធាតុស្នូលដ៏សំខាន់ដែលអាចឱ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ប្រកបដោយសុទិដ្ឋិនិយម។ នៅចំពោះមុខព្រះសង្ឃនិងពលរដ្ឋជាច្រើនរយនាក់ សម្តេច បានលើកឡើងថា “អនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែងនិងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពីគុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឲ្យបានជានិច្ចនិរន្តន៍”។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួរឲ្យកត់សម្គាល់។ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានា ដែលសម្រេចបាន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្ត តទៅមុខទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ជម្រាបពលរដ្ឋថា រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយ និងច្បាប់វិនិយោគត្រឹមត្រូវ ក្នុងការបើកចំហរនិងលើកទឹកចិត្តដល់អ្នកវិនិយោគ ជាតិ និងអន្តរជាតិគ្រប់ប្រភេទ។ យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងគោល ដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ តួរយ៉ាងដូចជា រោងចក្រកែច្នៃកៅស៊ូ និងផ្លែស្វាយ ក្នុងខេត្តត្បូងឃ្មុំជាដើម ដើម្បីបង្កើតការងារជូនពលរដ្ឋ នៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាត រវាងទីក្រុងនិងជនបទ ក៏ដូចជាការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន។

ជាមួយគ្នានេះ រដ្ឋសភាបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលក្នុងនោះមានកញ្ចប់ថវិកា សម្រាប់បន្តជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាន ដោយឃុំសង្កាត់នីមួយៗទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណជាង ១០ម៉ឺនដុល្លារ ហើយថវិកានេះនឹងកើនឡើងជាលំដាប់ ។ ជាមួយនឹងកញ្ចប់ថវិកានេះ ឃុំ សង្កាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍គ្រប់ផ្នែក ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្របតាមសកម្មភាពអាទិភាពរបស់ខ្លួន។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចប្រធានរដ្ឋសភា៕