ប្រមុខការទូតកម្ពុជា ថ្លែងប្រាប់សមាជិកសភាសហរដ្ឋអាមេរិកថា កម្ពុជាខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសលើសកលលោក

វិទ្យុជាតិកម្ពុជា​៖​

ដោយ​  ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាមិនមានចេតនាចាត់ទុកប្រទេសណាមួយធ្វើជាសត្រូវទេ គឺខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានាលើសកលលោក។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
ថ្លែងប្រាប់ក្រុមអ្នកអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សារការងារ រវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម បានឲ្យដឹងទៀតថា ខាងភាគីសភាអាមេរិកបានបញ្ជាក់ថា មិនត្រឹមតែរដ្ឋាភិបាលនៃប្រទេសទាំងពីរទេដែលខិតខំពង្រឹងទំទាក់ទំនងល្អ ប៉ុន្តែតែទាំងសភាអាមេរិកក៏មានចេតនាក្នុងការលើកស្ទួយទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។
អ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា ភាគីទាំងពីរបានពិភាក្សាថា តើត្រូវធ្វើយ៉ាងណាទៀតដើម្បីឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែល្អប្រសើរ។ ភាគីខាងសហរដ្ឋអាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម កុយ គួង បានបន្ថែមថា ពាក់ពន្ធ័ទៅនឹងពាក្យចចាមអារាមដែលនិយាយថា នឹងមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា នេះគ្រាន់តែពាក្យចចាមអារាមទេ ហើយកម្ពុជាទោះបីជាមានសិទ្ធិអធិបតេយ្យក្នុងការការពារអធិបតេយ្យភាព បូរណភាពរបស់ខ្លួនក៏កម្ពុជាមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសណានៅលើទឹកដីកម្ពុជាទេគឺកម្ពុជាគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន។
សំឡេង៖ « ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ទៅគណៈប្រតិភូសភាអាម៉េរិកថា កម្ពុជាមិនមានចេតនាចាត់ទុកប្រទេសណាមួយធ្វើជាសត្រូវទេ។ កម្ពុជាពង្រីកមិត្ត និងរក្សាមិត្ត ហើយខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងសកលលោក »។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម GSP ដល់កម្ពុជា និងជំនួយផ្សេងៗទៀត។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូត រវាងកម្ពុជា និងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៥០។