អាជ្ញាធរខេត្តប៉ៃលិន គ្រោងស្តារប្រឡាយរំដោះទឹក នៅស្រុកសាលាក្រៅ ដើម្បីបង្ការជំនន់ទឹកភ្លៀងនារដូវវស្សា

វិទ្យុជាតិកម្ពុជា
ប៉ៃលិន៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យមើលប្រឡាយ ដែលគ្រោងស្តារ ដើម្បីរំដោះទឹក បង្ការជំនន់ទឹកភ្លៀងនារដូវវស្សា ស្ថិតនៅក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានធ្វើការសម្របសម្រួលផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ប្រឡាយផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កន្លងមកនៅតំបន់នេះ ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ គឺបណ្តាលឱ្យជនលេចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីប្រឡាយបង្ហូរទឹកតូចចង្អៀត និងរាក់ ហើយកត្តាខ្លះ បណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនតូច បានចាក់ដីរំលោភលុបលើប្រឡាយ បណ្តាលឱ្យស្ទះទឹក។ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលសង់លំនៅឋានតាមមាត់ប្រឡាយ សូមចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឱ្យផែនការនៃការស្តារប្រឡាយរំដោះទឹកនេះ ទទួលបានភាពជោគជ័យ ពិសេសរំដោះទឹកជំនន់ នៅរដូវវស្សាអោយបានទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។
បើតាមការបញ្ជាក់ របស់លោក អ៊ាត សារ៉ាត់ ប្រធានសាធារណៈការ និងជញ្ជូនខេត្ត បានឱ្យដឹងថា៖ ការងារស្តារ និងសម្អាតប្រឡាយនេះ មានចំនួន ២ចំនុច ប្រវែងសរុប ៤៩០ម៉ែត្រ និងប្រព័ន្ធលូមូលរំដោះទឹកតាមបណ្តោយផ្លូវជាតិលេខ ៥៩ អង្កត់ ១ម៉ែត្រ ចំនួន ២ជួរ និងមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន ១៧គ្រួសារ។
ញ៉ឹប បូរី ប៉ៃលិន 22-01-2020