ប្រមុខយោធាសហរដ្ឋអាមេរិក កោតសរសើរចំពោះការបញ្ជូនកងទ័ព ​របស់កូរ៉េខាងត្បូងទៅកាន់ច្រកសមុទ្រហូមហ្ស (Hormuz)

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០​ — នៅថ្ងៃពុធនេះ ក្រុមមន្ត្រីបាននិយាយថា ប្រមុខយោធាសហរដ្ឋអាមេរិកបានសម្តែងការ​ដឹងគុណ​ ដល់ប្រទេសកូរ៉េខាងត្បូង ចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ជូនកងទ័ព​ទៅកាន់ច្រកសមុទ្រហូមហ្សូ។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបានប្រកាសថា ខ្លួននឹងពង្រីក​តំបន់បេសកកម្មនៃអង្គភាពប្រឆាំងនឹងចោរកម្មតាមសមុទ្ររបស់ខ្លួន ដែលឈរជើងនៅឈូង​សមុទ្រ​អាដេន(Aden) ក្នុងការគ្របដណ្ដប់លើច្រកសមុទ្រហូមហ្ស ដើម្បីការពារពលរដ្ឋ នឹងនាវារបស់ខ្លួនដែលឆ្លងកាត់ផ្លូវទឹក នឹងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការធានានូវសេរីភាពនៃការធ្វើនាវាចរណ៍។

តាមក្រសួងបានឱ្យដឹងថា អង្គភាពនេះ ដែលមានកម្លាំង ៣០០នាក់ នឹងប្រតិបត្តិការ​ដោយឯករាជ្យពីសម្ព័ន្ធភាព​សន្តិសុខដែនសមុទ្រអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែមន្រ្តីផ្នែកទំនាក់ទំនង​ចំនួន ២នាក់ នឹងត្រូវបញ្ជូនទៅទីស្នាក់ការរបស់ខ្លួន ដើម្បីធ្វើកិច្ច​សហ​ប្រតិ​បត្តិការ។

ក្នុងពេលសន្ទនាតាមទូរស័ព្ទ ក្នុងការកត់សម្គាល់ឆ្នាំថ្មីនេះ ប្រធានអគ្គសេនាធិការ​ចម្រុះរបស់កូរ៉េខាងត្បូង ( JCS ) លោកឧត្តមសេនីយ៍ Park Han-ki បានពន្យល់ពីផែនការ​បែប​នេះ ដល់​សមភាគីអាម៉េរិកឧត្តមសេនីយ៍ Mark Milley។

តាមមន្រ្តីបានឱ្យដឹងថា ជាការឆ្លើយតប ឧត្តមសេនីយ៍អាម៉េរិកបាននិយាយថា លោក​យល់ស្រប និងពេញចិត្ត ចំពោះការសម្រេចចិត្តនេះ។

ចំពេលមានភាពតានតឹងគួរឱ្យកត់សម្គាល់ជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានស្នើសុំ​ឱ្យ​កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តផ្សេងទៀតចូលរួមក្នុងសម្ព័ន្ធយោធាដើម្បីធានាសុវត្ថិភាពក្នុងតំបន់។

នៅពេលមុននេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកស្វាគមន៍ និងពេញចិត្តចំពោះការសម្រេចចិត្តនេះ ដោយនិយាយថា វាបង្ហាញ​ពីភាពរឹងមាំនៃសម្ព័ន្ធមិត្តទ្វេភាគី។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានទាំងពីរ ក៏បានព្រមព្រៀង​គ្នា​ពង្រឹងជំហរការពាររួមគ្នា​របស់​ពួកគេ ដោយផ្អែកលើសម្ព័ន្ធមិត្តរឹងមាំ ដើម្បីគាំទ្រដល់កិច្ចប្រឹង​ប្រែង​ការទូត ដោយ​រដ្ឋា- ភិបាលទាំងពីរ​សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅ​ឧបទ្វីបកូរ៉េ នឹងការ​បង្កើត​សន្តិភាពអចិន្រ្តៃយ៍៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)