អាជ្ញាធរភ្នំពេញមិនអនុញ្ញាតឲ្យមានកម្មករស្លាក់នៅក្នុងសំណង់អគារ ដែលកំពុងសាងសង់ឡេីយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ហុក​ សុខរិន​ និង​លោក​ ចន​ ណារិទ្ធ​៖

អាជ្ញាធរភ្នំពេញព្រមានម្ចាស់សំណង់កុំអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារ ដែលកំពុងសាងសង់ជាដាច់ខាត បើពុំដូច្នោះទេម្ចាស់សំណង់នឹងទទួលពិន័យនិងទោសទណ្ឌតាមផ្លូវច្បាប់។
ការព្រមានរបស់ខឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីសំណង់ចាស់ទ្រុឌទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ការហាមប្រាមមិនឲ្យកម្មករស្នាក់នៅក្នុងការដ្ឋានសំណង់គឺដើម្បីរក្សាសុវត្ថិភាពជូនកម្មករខណៈដែរ កន្លងមកនេះ នៅខេត្តព្រះសីហនុក៏ដូចជាខេត្តកែប មានបញ្ហាបាក់ស្រុតអាគារកើតឡើង ដោយបានធ្វើឲ្យកម្មកររាប់សិបនាក់បានស្លាប់និងរងរបួស។បញ្ហាបែបនេះមិនមែនជារឿងសាមញ្ញទេ វាប៉ះពាល់ដល់អាយុជីវិតមនុស្សដែលយើងត្រូវតែមានការបង្ការទប់ស្កាត់អោយបានខ្ពស់ជាមុន។
ឯកឧត្តម ឃួង ស្រេងក៏បានមានប្រសាសន៍ទៀតថា អាជ្ញាធរខណ្ឌ រាជធានី គឺជាម៉ែជាឪរបស់ប្រជាពលរដ្ឋ ដូច្នេះទេយើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ដោយអាជ្ញាធរខណ្ឌ មានអភិបាលរងមួយរូបនិងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ១ រូប ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋានសំណង់ដែលបាននឹងកំពុងសាងសង់ ថាតើសំណង់ទាំងនោះ មានច្បាប់ទេ ឬស្របតាមស្តង់ដារបច្ចេកទេសទេ ។ បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេសនិងមិនមានច្បាប់អនុញ្ញាតយើងត្រូវតែបិទជាបណ្ដោះអាសន្ន នឹងត្រូវហៅម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឲ្យការដ្ឋានទាំងនោះអនុវត្តទៅតាមច្បាប់និងការសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបន្ទុច បង្អាក់ ចំពោះការសាងសង់អាគារនោះទេ ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណង់ទាំងនោះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ ចៀសវាង កុំអោយមានហេតុការមិនល្អកើតឡើង។
អភិបាលរាជធានីភ្នំពេញបន្តថា នៅរាជធានីភ្នំពេញមានអាគាចាស់ៗ ទ្រុឌទ្រោមច្រើនដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលការងារនេះ គឺជាការងារដែលយើងត្រូវយកចិត្តទុកដាក់ និងស្រង់ស្ថិតិឱ្យបានច្បាស់ ជៀសវាងមានបញ្ហាកើតឡើង យើងមិនបានដឹង។
លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់នគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា សំណង់គឺជាការងារមួយដែលមន្ទីរបានយកចិត្តទុកដាក់ ដោយកន្លងមកនេះ មន្ទីរបានចែកក្រុមការងារ ជាពីរក្រុម ដើម្បីចុះត្រួតពិនិត្យមើលទៅលើបច្ចេកទេសនិងច្បាប់នៅក្នុងការដ្ឋានទាំងនោះ ដោយបានជំរុញឲ្យមានការតាមដានសំណង់ទាំងនោះរហូត បើខុសលក្ខណៈបច្ចេកទេសយើងត្រូវផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន និងហៅម្ចាស់សំណង់មកប្រជុំដោះស្រាយ ៕