អតីតសិស្សវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន មេមត់ និងគណៈគ្រប់គ្រងសាលាចែករំលែក“ស្តីពីការសិក្សានិងអាជីព”

ត្បូងឃ្មុំ ៖អតីតសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ខេត្តត្បូងឃ្មុំ និងគណៈគ្រប់គ្រងសាលាបានបើកវេទិកាចែករំលែក “ស្តីពី ការសិក្សា និងអាជីព” ដើម្បីជួយតម្រង់ទិសសិស្សានុសិស្សទាំងអស់​ឱ្យបានយល់ដឹង​អំពីជំនាញ ឬអាជីពដែលជាក្តីស្រមៃរបស់ពួកគេទៅថ្ងៃអនាគត។

លោកសាស្ត្រាចារ្យ សំ ចំរើន ជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈ មកពីសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញដែលជាវាគ្មិនមានប្រសាសន៍ថា គោលបំណងសំខាន់នៃវេទិការនេះ ដើម្បីបង្ហាញជូនដល់​ប្អូនៗ​សិស្សវិទ្យាល័យថ្នាក់ទី១១ និងទី១២បានយល់ដឹងបណ្តុះ និងពង្រឹងផ្នត់គំនិតសិក្សារៀនសូត្រ ផ្តល់ផ្នត់គំនិតអភិវឌ្ឍន៍ និងការចាប់ជំនាញវិជ្ជាជីវៈនាពេលអនាគត​ ចែករំលែកបទពិសោធន៍ពីការតស៊ូក្នុងជីវិតសិក្សា និងការងារ។

លោកវិរៈសេនីយ៍ទោ អ៊ឹង ប៊ុន អធិការ នគរបាលក្រុងកំពង់ចាម នៃខេត្តកំពង់ចាមបានឱ្យដឹងដែរ ជំនាញដែលវាគ្មិនបង្ហាញនោះរួមមាន៖ វិស័យច្បាប់ ជំនាញរដ្ឋបាលសាធារណៈ ការងារមន្ត្រីរាជការ វិស្វករ គ្រូពេទ្យ ឱសថការី ពេទ្យធ្មេញ ការបើកអាជីកម្មលក្ខណៈគ្រួសារ ជំនាញទេសចរណ៍ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម។

នៅក្នុងវេទិកាចែករំលែកនេះបានប្រព្រឹត្តទៅប្រកដោយការជជែកពិភាក្សា និងសួរដេញដោលយ៉ាងផុលផុសពីមុខជំនាញ និងអាជីព ពីសំណាក់សិស្សានុសិស្សដែលបានចូលរួម ប្រមាណជាង ៨០០នាក់ ដែលប្អូនៗមានចំណាប់អារម្មណ៍ចង់ចាប់យកអាជីពទាំងនោះ ដើម្បីឈានទៅដល់ការរៀបចំផែនការមុខរបរទៅថ្ងៃអនាគត ។ ជាលទ្ធផល អង្គវិទិកា បានបង្កើតក្រុមពីពិភាក្សាមួយលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា “ ក្រុមចែករំលែក មេមត់” ដើម្បីរក្សា និងបន្តការជជែក ពិភាក្សា និងផ្តល់ជាចំណេះជំនាញដល់        ប្អូនៗជំនាន់ក្រោយ ឲ្យទទួលបានជោជ័យក្នុងការសិក្សា និងអាជីពទៅថ្ងៃអនាគត ។

អាជ្ញាធរស្រុក  ក្រុមអតីតសិស្សទាំងអស់ និងគណៈគ្រប់គ្រងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ បានគាំទ្រ វេទិការនេះ ដោយ ចាត់ទុកថា មានសារៈសំខាន់បំផុតចំពោះសិស្សានុស្សជំនាន់ក្រោយបានរៀនសូតស្វែងយល់ពីបទពិសោធន៍ដ៏ល្អៗនេះ ។ ជាមួយគ្នានោះ អង្គវេទិការបានបញ្ជាំក់ថា  ក្រោមការដឹកនាំប្រកបរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ មានភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ដូចជា ៖ វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម៕