ក្រសួងសាធារណការបង្កើនយុទ្ធនាការចុះផ្សព្វផ្សាយសុវត្ថិភាពដល់អ្នកធ្វើដំណើរ

វិទ្យុជាតិកម្ពុជា៖
MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើនយុទ្ធនាការចុះផ្សព្វផ្សាយសុវត្ថិភាពដល់អ្នកធ្វើដំណើរ បន្ទាប់ពីគ្រោះថ្នាក់ឆ្នាំកន្លងទៅបន្តកើនឡើង ដោយបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករានេះ បានដឹកនាំក្រុមជំនាញ ដោយសហការជាមួយកងកម្លាំងនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈចុះផ្សព្វផ្សាយសុវត្ថិភាពដល់អ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងគោលបំណងអប់រំពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ។
ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នេះ មានការធ្វើសកម្មភាពឃាត់យានយន្ត ពិសេសអ្នកធ្វើដំណើរតាមម៉ូតូ ដើម្បីចែកខិតបណ្ណស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងឆ្លើយសំណួរស្តីពីការយល់ដឹងនៃច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពមួយ សម្រាប់ការពារក្បាលពីការប៉ះទង្គិច ដោយសារដួលម៉ូតូ ឬ ជួបគ្រោះថ្នាក់ដោយចៃដន្យ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាល គ្រោងប្រើប្រាស់មួកសុវត្ថិភាពរាប់ម៉ឺនមួកបន្ថែមទៀត ដើម្បីចែកជូនដល់អ្នកបើកបរទោចក្រយានយន្ត សំដៅអប់រំ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានសុវត្ថិភាពចរាចរណ៍។
លោកជំទាវ បានក្រើនរំឭកដល់អ្នកបើកបរយានយន្តទាំងអស់ឲ្យប្រកាន់ភ្ជាប់នូវការគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងមានការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចមុនពេលបើកបរ ដើម្បីនាំមកនូវសុវត្ថិភាពសម្រាប់ ការធ្វើដំណើរនៅលើដងផ្លូវសាធារណៈ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ មានមនុស្សស្លាប់ជិត២ពាន់នាក់ និងរងរបួសជាង៦ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេស ក្នុងនោះចំនួនអ្នកប្រើប្រាស់ម៉ូតូដោយមិនពាក់មួកសុវត្ថិភាពមានច្រើនជាងគេ។
ចំនួនគ្រោះថ្នាក់ដែលកើតមានឡើងរហូតដល់ជាង៤ពាន់លើក ច្រើនបង្កដោយការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង និងងងុយ ជាដើម៕
អត្ថបទ៖ វ៉ាង ភក្តី