មនុស្សស្លាប់កើនដល់៦នាក់ហើយនៅប្រទេសចិនដោយសារវីរុសផ្លូវដង្ហើមថ្មី ខណៈចំនួនអ្នកឆ្លងកើនដល់ជិត ៣០០ នាក់

វិទ្យុជាតិកម្ពុជា៖

យោងតាមប្រភពពីមន្រ្តីក្រុងវូហានប្រទេសចិន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីបានកើនដល់ ០៦នាក់ហើយ ចំណែកចំនួនអ្នកឆ្លងវីរុសនេះបានកើនដល់ ២៩១នាក់ហើយ បើគិតត្រឹមថ្ងៃអង្គារ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
ប្រព័ន្ធផ្សាយផ្សាយរដ្ឋចិនបានផ្សាយថា ក្នុងចំណោមអ្នកផ្ទុកវីរុសទាំង ២៩១នាក់មាន ២៧០នាក់ស្ថិតនៅក្នុងខេត្តហ៊ូបៃ (Hubei) ០៥នាក់នៅរដ្ឋធានីប៉េកាំង ១៤នាក់នៅខេត្តក្វាងទុង (Guangdong) និង ០២នាក់នៅទីក្រុងសៀងហៃ។ជាមួយគ្នានេះផងដែរអាជ្ញាធរចិនក៏បានប្រកាសថា មានបុគ្គលិកសុខាភិបានចំនួន១៥នាក់បានឆ្លងវីរុសផ្លូវដង្ហើមថ្មី ដែលនេះបង្ហាញថាជាការឆ្លងតាមរយៈមនុស្សទៅមនុស្សតែម្តង តែមិនទាន់ច្បាស់ពីកម្រិតនៃការឆ្លងនៅឡើយ ទេ។ប្រទេសមួយចំនួនទៀតដូចជា ថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏បានរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះផងដែរ ហើយសុទ្ធតែមានប្រភពមកពីប្រទេសចិន។
សូមបញ្ជាក់ថា ករណីជំងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន និង ហត់ខ្លាំង នៅពេលនេះកំពុងធ្វើឲ្យប្រទេសចិន និងពិភពលោកព្រួយបារម្ភយ៉ាងខ្លាំងនាពេលប៉ុន្មានសប្តាហ៍នេះ៕
ប្រភព៖ សារព័ត៌មាន Channel News Asia