រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ណែនាំឲ្យប្រធានមន្ទីរព័ត៌មានទំាងអស់រួមគ្នាប្រយុទ្ធប្រឆំាង ព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ណែនាំឲ្យប្រធានមន្ទីរព័ត៌មានទំាងអស់រួមគ្នាប្រយុទ្ធប្រឆំាង ព័ត៌មានក្លែងក្លាយនៅតាមមូលដ្ឋានរបស់ខ្លួន តាមរយការបកស្រាយព័ត៌មានពិតឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យសាធារណជនមានការយល់ច្រឡំ។

ក្នុងឱកាសដែលត្រូវបានតែងតាំងថ្មីជាប្រធាន មន្ទីរ ព័ត៌មាន ខេត្តកែប នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានណែនាំឲ្យប្រធាន មន្ទីរព័ត៌មានគ្រប់ខេត្ត និងរាជធានី ត្រូវមានការវិវឌ្ឍរីកចំរើនផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ពិសេសបញ្ហាចេះផ្សព្វផ្សាយព័ត៌មាននៅក្នុងបណ្តាញសង្គម ដើម្បីជួយបង្សាបព័ត៌មានក្លែងក្លាយ ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តីបានបានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីជំនួបជាមួយអ្នកសារព័ត៌មាន លើកទី៤ នៅកោះពេជ្រ កាលពីពេលកន្លងទៅនេះ អំពីការបកស្រាយបំភ្លឺរបស់អភិបាលខេត្តរាជធានី ជាមួយអ្នកសែត នៅពេលមានបញ្ហាអ្វីសំខាន់កើតឡើង ហើយក៏សុំឲ្យមានការយោគយល់ពីអ្នកសារព័ត៌មានវិញចំពោះការមិនឆ្លើយតប របស់អភិបាល រាជធានី ខេត្ត ព្រោះមានកិច្ចការងារជាច្រើនដែលត្រូវធ្វើ ប៉ុន្តែមានមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យជាអ្នកទទួលឆ្លើយជំនួសបាន។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ការវិវឌ្ឍរីកចំរើនផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ពិសេសបញ្ហា នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម គឺមាន ព័ត៌មានក្លែងក្លាយជាច្រើន ដែលប្រការនេះទាមទារឲ្យប្រធាន មន្ទីរព័ត៌មាន មានភាព ឆ្លាតវៃ ក្នុងការប្រើប្រាស់ និង តាមដាន ពិសេសត្រូវមានកិច្ចសហការជាមួយមន្ទីរស្ថាប័នជំវិញខេត្ត និងមន្ទីរព័ត៌មាន គ្រប់ខេត្ត ក្រុង ដើម្បីប្រមូលព័ត៌មាន បានគ្រប់ជ្រុងជ្រោយ ហើយរាយការណ៏ទៅ អភិបាលរងខេត្ត ក្រុង ហើយដាក់ជូន អភិបាល ជាអ្នកធ្វើការសម្រេច ដោះស្រាយ។
លោក រស់ ឧត្តុង្គ ដែលជាប្រធានមន្ទីរព័ត៌មានខេត្តកែប ដែលទើបតែឡើងកាន់តំណែង បានប្តេជ្ញាចិត្តគោរពអនុវត្តនផែនការ និងគោលការណ៍នានា របស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត ឲ្យទទួលបានជោគជ័យ។

លោកបន្តទៀតថា នឹងខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុង និងដឹកនាំអនុវត្ត ភារកិច្ចរបស់មន្ទីរដែលក្រសួងបានប្រគល់ឲ្យ ពិសេស សហការ និងទំនាក់ទំនងល្អ ជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ ដើម្បីតាមដានប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា លោក រស់ ឧត្តុងដែលត្រូវបានតែងតាំងថ្មីជាប្រធានមន្ទីរព័ត៌មានខេត្តកែប គឺ ជំនួស លោក លៀវ ស៊ុនសារី ដែលត្រូវបានចូលនិវត្តន៍៕