រាជរដ្ឋាភិបាលរំពឹងថាក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងគំរូដំបូងគេ បន្ទាប់ពីស្ថាបនាផ្លូវទាំង៣៤ខ្សែរួច

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ៖

រាជរដ្ឋាភិបាលរំពឹងថាក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងគំរូដំបូងគេ បន្ទាប់ពីស្ថាបនាផ្លូវទាំង៣៤ខ្សែរួច ដោយនឹងប្រែមុខមាត់ក្រុងឲ្យមានសោភ័ណភាពល្អ បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យលេងកម្សាន្តនៅទីនេះ ជាពិសេសទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀត ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាស៍ថា រាជរដ្ឋាភិបាលតាមរយៈប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាបានកំពុងនឹងស្ថាបនាផ្លូវទំាង៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុប្រកបដោយគុណភាពដែលធានាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សកម្មភាពអភិវឌ្ឍន៍ផ្លូវទាំងនេះ គឺបានធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលដែលក្រុងព្រះសីហនុបានជួបបញ្ហាប្រឈមលិចលង់ទីក្រុងដោយជំនន់ទឹកភ្លៀងជាប់ៗគ្នាកាលពីរដូវវស្សាកន្លងទៅនេះ ពិសេសការរីកចំរើននៃសំណង់អគារខ្ពស់ជាច្រើនរួមទំាងចំនួនមនុស្ស ដែល បណ្តាលមកពីហេដ្ឋរចនាសម្ព័ន្ធមួយចំនួនមិនអាចឆ្លើយតបបាន។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ក្រុមកងវិស្វកម្ម១៧៨ស្ពាន ថ្នល់ និងក្រុមហ៊ុនដ៏ទៃ ទៀតបានរួមគ្នាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការស្ថាបនាផ្លូវនេះឲ្យបានល្អតាមការទុកចិត្តរបស់រាជរដ្ឋាភិបាលដើម្បីប្រែក្លាយទីក្រុងមួយនេះ ឲ្យទៅជាទីក្រុងបៃតង និងជាទីក្រុងទេសចរណ៍ ពាណិជ្ជកម្មដ៏ទំនើបផងដែរ ។
” ខ្ញុំបានមកឃើញជាក់ស្ដែង គ្រប់កម្លាំងទាំងអស់សុទ្ធតែបានប្រឹងប្រឹងហើយ ឆ្លើយតបអំពីតម្រូវការរបស់រដ្ឋាភិបាលដែលផ្ដល់នូវទំនុកចិត្តយ៉ាងខ្លាំងបំផុតអំពីការអភិវឌ្ឍឲ្យទាន់និងការអភិវឌ្ឍឲ្យបានរឹងមាំទៀតធានាឲ្យបានយូរអង្វែង គ្មានអ្វីក្រៅពីការរំលឹកធ្វើមិចយកអស់ស្មារតីទទួលខុសត្រូវ ធ្វើឲ្យបានតាមការកំណត់ទោះជាយើងថាត្រូវប្រើពេលវេលា ទោះជាយើងមិនអាចសម្រេចតាមផែនការ១០០ភាគរយ ក៍ដោយតែសំខាន់បំផុតគឺធានាឲ្យបានគុណភាព “។

អ្នកស្រី សៅ មួយស៊ីម ជាអាជីវករលក់ដូរនៅតំបន់សមុទ្ររាមបានអោយដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលអភិវឌ្ឍន៍ផ្លូវមកកាន់តំបន់សមុទ្ររាមហើយតភ្ជាប់ទៅកាន់ក្រុងព្រះសីហនុស្របតាមឆ្នេរសមុទ្រឃើញថា ភ្ញៀវទេសចរចាប់ផ្តើមសម្រុកមកលេងច្រើន បើទោះបីផ្លូវនេះធ្វើពុំទាន់រួចក៏ដោយ។ អ្នកស្រីបញ្ជាក់ថា ផ្លូវថ្មីនេះនឹងជួយស្តារសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងសហគមន៍នេះអោយកាន់តែរីកចំរើន ខណៈដែលពីមុនផ្លូវនេះមានការលំបាកពិបាកធ្វើដំណើរ ដែលពុំមានភ្ញៀវទេសចរមកដល់ច្រើនទេ។

«ពីមុនវាតូច វាភក់ ទឹករលកសមុទ្រវាស៊ីដាច់ផ្លូវអស់វាពិបាករស់នៅ និងពិបាធ្វើដំណើរ ជូនកូនទៅសាលារៀននិងទៅមន្ទីរពេទ្រវាលំបាក ដល់ពេលបានចឹងយើងប្រជាពលរដ្ឋអរណាស់ យើងបានរស់នៅសុខសប្បាយជូនកូនដោយសុវត្ថិភាព ហើយផ្លូវស្រួលអញ្ចេះទៀត ភ្ញៀវទេសចរកាន់តែមកច្រើន ប្រជាជននៅទីនេះកាន់តែសប្បាយចិត្តរកចំណូលបានកាន់តែ ច្រើន។

គម្រោងស្ថាបនាផ្លូវទំាង៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុនេះត្រូវបានអនុវត្តដឹកនាំដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និងជាគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវទំាង៣៤ខ្សែស្ថិតក្នុងក្រុងព្រះសីហនុនេះមានប្រវែងជាង៨៤គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយ នឹងត្រូវចំណាយថវិកាចំនួន២៩៤លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន១០០លានដុល្លារ ជាថវិកាសន្សំរបស់ជាតិ។ គម្រោងស្ថាបនាផ្លូវទំាង៣៤ខ្សែនេះគ្រោងប្រើប្រាស់ រយពេលស្ថាបនាចំនួន៨ខែ ដែលគ្រោងអោយហើយនៅមុនរដូវវស្សាឆ្នាំ២០២០នេះ ៕