គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្មសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុននឹងរៀបចំទិវាកម្ពុជា២០២០

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖ គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្មសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុននឹងរៀបចំទិវាកម្ពុជា២០២០(CambodiaFestival 2០20) ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយពីកម្ពុជា ឲ្យបរទេសស្គាល់កាន់តែច្បាស់ ពិសេសលើវិស័យទេសចរណ៍។

សេចក្តីប្រការព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទិវាកម្ពុជា២០២០ ដែលនឹងរៀបចំឡើងនៅប្រទេសជប៉ុន គឺដើម្បីផ្សព្វផ្សាយពីសិល្បៈវប្បធម៌ អរិយធម៌ ទេសចរណ៍ ម្ហូបអាហារខ្មែរនៅប្រទេសជប៉ុន រួមទាំងមានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ សំដៅក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៍ចូលមកទស្សនាប្រទេសកម្ពុជា។
ដូច្នេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញលោក លោស្រី ជា ពាណិជ្ជករ សេវាករ ផលិតករ ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលមានចំណាប់អារម្មណ៍ និងបំណងទៅចូលរួមផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួនឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ខាងលើ សូមទំនាក់ទំទង និងបំពេញបែបបទ នៅនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងៗទៀតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ជាកំណត់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៦០០ ៧៧៨ ឬ ០១២ ៧៧៧ ៩៥៩ ឬ ០៨១ ៩១១ ១០១ ៕