រហូតមកដល់ម៉ោង ១៣ រសៀលថ្ងៃទី២១ ខែមករា នេះស្ថានភាពគុណភាព ខ្យល់នៅរកម្ពុជាល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ ដោយ វ៉ាង ភក្តី៖

ក្រសួងបរិស្ថាន អះអាងថា រហូតមកដល់ម៉ោង ១៣ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ ស្ថានភាពគុណភាព ខ្យល់នៅរកម្ពុជាមានគុណភាពល្អប្រសើរ ដោយកំហាប់ភាគល្អិតនិចលនៅក្នុងខ្យល់ PM2.5 មានកម្រិតនៅក្នុងរង្វង់ស្តង់កម្រិត៥០ប៉ុណ្ណោះ។
ការបញ្ជាក់នេះ ដោយយោងតាមលទ្ធផលនៃការពិនិត្យតាមដានគុណភាពខ្យល់ជាប្រចាំ ក្រោយពីមានមានការកើនឡើងហួសកម្រិតស្តង់សារ កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា មន្ទីរជំនាញក្រសួងបរិស្ថានបន្តតាមដានជាប្រចាំស្ថានភាពគុណភាពខ្យល់ និងបន្តផ្តល់ ព័ត៌មានជាប្រចាំដល់សាធារណជន ខណៈក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានរួមនឹងបងប្អូនប្រជាពលរដ្ឋ បានចូលរួមអនុវត្តវិធានការមួយចំនួន ដើម្បីថែរក្សាស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានដូចជា ចាត់វិធានការទប់ស្កាត់ភ្លើង ឆេះ ព្រៃ និងការដុត សំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម ការចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋា រចនា សម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ ការសម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹកលើដងផ្លូវកុំឱ្យធូលីហុយ និងចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជ្រាំង និង សំណល់ កសិកម្មផ្សេងៗទៀត។
ឯកឧត្តមបន្តថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុង ខ្យល់នេះមិនមែនមាននៅតែកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាន នៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។
ប្រភព និងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមនានជាអាទិ៍ការបញ្ចេញផ្សែង ពីរោង ចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម៕