រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ប្រកាសនឹង ដកសិទ្ធិការបញ្ជាយាន្តយន្តគ្រប់ប្រភេទចំពោះអ្នកបើបរល្មើសច្បាប់ក្នុងស្ថានភាពស្រវឹង និងមានសារធាតុញៀន

វិទ្យុជាតិកម្ពុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
MC៖ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ប្រកាសនឹង ដកសិទ្ធិការបញ្ជាយាន្តយន្តគ្រប់ប្រភេទចំពោះអ្នកបើបរល្មើសច្បាប់ ក្នុងស្ថានភាពស្រវឹង និងមានសារធាតុញៀនដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យមន្រ្ដីជំនាញចាប់ផ្តើមពិនិត្យទៅលើអនុក្រឹត្យស្តីពីការផាកពិន័យក្នុងឆ្នាំ២០២០នេះ ដើម្បីបង្កើនកម្រិតផាកពិន័យអ្នកប្រព្រឹត្តល្មើសច្បាប់បើកបរឱ្យបានធ្ងន់ធ្ងរជាងពេលមុនពិសេសរហូតឈានដល់ការដកបណ្ណបើកបររបស់អ្នកបើកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរមានសារធាតុញៀនគ្រឿងញៀន ត្រូវពិន័យលែងឱ្យបើកបរអស់មួយជីវិត ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០នាព្រឹកទី២១ ខែមករា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម បានបញ្ជាក់ថាការដកសិទ្ធិការធ្វើចរាចរណ៍ចំពោះពលរដ្ឋណាដែលល្មើសច្បាប់ចរាចរណ៍នេះ នឹងត្រូវធ្វើឡើង ក្រោយពីសមត្ថកិច្ចបានអប់រំ និងផាកពិន័យលើសពី២ដង នឹង មិនឱ្យមានសិទ្ធិធ្វើចរាចរណ៍ក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំ និងរហូតឈានទៅពិន័យលែងឱ្យបើកបរមួយជីវិតតែម្ដង។
សម្តេចក្រឡាហោមបានបបញ្ជាក់ទៀតថា បច្ចុប្បន្នការអនុវត្តន៍ច្បាប់ចរាចរណ៍ហាក់នៅធូរលុងនៅឡើយជាហេតុនាំឱ្យអ្នកប្រព្រឹត្តលើ្មសនឹងច្បាប់ចរាចរណ៍មិនសូវជាខ្លាចរអានោះឡើយ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍ត្រូវបានដល់កម្រិតប្រកាសអាសន្ន។
សម្លេង«បើឃើញថា អ្នកហ្នឹងបើកបរក្នុងស្ថានភាពស្រវឹងចោះពែកមី (បណ្ណបើកបរ) ហ្នឹងមួយ។ ចោះតែម្តង បើគ្រាន់តែចុះក្នុងក្រដាស់ផ្សេងអត់បានទេ គឺចោះតែម្តង ដើម្បីស្រួលពិនិត្យ។ លើកទីពីរចោះមួយទៀត លើកទីបី ដកពែកមី ហើយហាមមិនឱ្យបើកបរក្នុងរយៈពេលប៉ុន្មាន? មួយឆ្នាំ ឬពីរឆ្នាំ បើរកឃើញអ្នកមានសារជាតិញៀនមិនបាច់និយាយអ្វីទាំងអស់ បើថាមានពែកមី ចោះដល់៥-៦ដង មិនមែនចោះពីរទេ ហើយដកយកតែម្តង។ អ្នកហ្នឹង គឺមួយជីវិតមិនអនុញ្ញាតឱ្យបើកបរ»។
សម្តេចក្រឡាហោមបានបញ្ជាក់ដែរថា ការអនុវត្តន៍វិធានការច្បាប់តឹងរឹងនេះ មិនមែនចង់បានលុយរបស់ប្រជាពលរដ្ឋនោះទេ តែជាវិធានការ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទៅវិញ ពិសេសធានាសុវត្ថិភាពក្នុងពេលបើកបរ ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ក្នុងអត្រានេះកើនឡើង ៨៤៥លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕