អាជ្ញាធរស្រុកបន្ទាយស្រីតម្លើងអំពូលសូឡាស្វ័យប្រវត្តិតាមផ្ទះនៅក្នុងភូមិ ព្រះដាក់សម្រេចបាន៧០ភាគរយហើយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២១.០១.២០២០៖

អាជ្ញាធរស្រុកបន្ទាយស្រីតម្លើងអំពូលសូឡាស្វ័យប្រវត្តិតាមផ្ទះនីមួយៗនៅក្នុងភូមិព្រះដាក់សម្រេចបាន៧០ភាគរយហើយ ដែលរំពឹងថាគម្រោងនេះ នឹងជួយបង្កើនសុវត្ថិភាព និងប្រែក្លាយទៅជាភូមិដែលមានពន្លឺគ្រប់គ្រាន់មិនចាញ់ទីប្រជុំជន ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមការងារជំនាញបានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលសាកល្បង ដែលមកដល់ពេលនេះ ក្រុមការងារកំពុងតែសស្រោកសស្រាំបំពាក់ឲ្យបានចប់សព្វគ្រប់ អោយបានមុនដំណាច់ខែមករាតាមផែនការកំណត់ ។
លោកបានបន្តថា ដើម្បីពន្លឿនកិច្ចការនេះ ប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ បានជួយជីករណ្តៅបង្គោលទម្រអំពូល ការកាប់មែកឈើដែលបាំងពន្លឺថ្ងៃ និងមានផ្ទះមួយចំនួនធំទៀត បានចេញចំណាយថ្លៃស៊ីម៉ង់ត៍ ថ្មល្អិតនិងខ្សាច់ សម្រាប់ចាក់ការពារជើងអំពូលដោយខ្លួនឯង ដែលសកម្មភាពនេះ គឺជាការឆ្លុះបញ្ជាំងនៃការចូលរួមនិងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ ។
សំឡេង ៖ កន្លងមកយើងឃើញថា ទោះបីយើងមិនតម្រូវក៏ដោយក៏គាត់ជួយជីក ជួយយកស៊ីម៉ង់មកទប់ការពារជើង គាត់ជួយកាប់ដើមឈើមែកឈើដែលបានបាំងសូឡា ដែលធ្វើឲ្យការងារយើងមិនពិបាក។ បច្ចុប្បន្ននេះយើងបានបញ្ចប់មុនផែនការ ហើយយើងគិតថាយើងនឹងត្រូវចំណាយពេលយូរប្រើកំលាំងកម្មករច្រើន ប៉ុន្តែជាក់ស្តែងគឺអត់ទេ យើងប្រើក្រុមការងារតែ៤ឬ៥នាក់ សល់ប៉ុន្មានគឺអ្នកភូមិជួយយើងទាំងស្រុង។ លទ្ធផលដែលយើងទទួលបាន គឺលើសពីការរំពឹងទុកទៅទៀត ដោយសារតែពេលនេះប្រជាពលរដ្ឋគាត់សប្បាយចិត្តមែនទែន យើងឃើញប្រតិកម្មរបស់គាត់គឺ គាត់នាំគ្នាចេញមកលេងលើផ្លូវ គាត់អង្គុយលេង ដោយសារភូមិផងរបស់គាត់មិនដែលបានភ្លឺចឹងទេ អ្វីៗពេលនេះប្រែជាផ្លាស់ប្តូរ ហើយអ្វីដែលគាត់ទទួលបាននេះគឺមិនបានបង្កើតបន្ទុកទៅដល់ពួកគាត់ទេ ចឹងគាត់មានការសាទរខ្លាំងណាស់ ។
លោកបានបន្ថែមទៀតថា បើទោះជាដំណាក់សាកល្បងក្តី ក៏ប្រជាពលរដ្ឋក្នុងភូមិព្រះដាក់ ចូលរួមទាំងស្មារតីស្រលាញ់ប្រយោជន៍រួម និងមានភាពស្រុះគ្នា ហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋក្នុងភូមិទាំងអស់នឹងចូលរួមថែរក្សា ដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍ ។
សូមបញ្ជាក់ថា ភូមិព្រះដាក់មានផ្ទះចំនួន៥១៨ខ្នង ដោយទទួលបានអំពូលសូឡាស្វ័យប្រវត្តិដើរដោយពន្លឺព្រះអាទិត្យមានការធានាគុណភាពរយៈពេល២ឆ្នាំ រួមទំាងមានបង្គោលដែកនិងការតម្លើងចាក់ស៊ីម៉ង់ត៍ជូនដល់ផ្ទះនីមួយៗ ដោយក្រុមការងាររដ្ឋបាលស្រុកបន្ទាយស្រី ៕