ក្រសួងអប់រំពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង៧ចំណុច នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ០១ ២០២០៖

ក្រសួងអប់រំប្រកាសពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង៧ចំណុច នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ដើម្បីពង្រឹងវិន័យនៅក្នុងវិស័យអប់រំឲ្យកាន់តែល្អប្រសើរថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថា គ្រឹះស្ថានសិក្សាភាគច្រើនបានអនុវត្តប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋាននានារបស់ក្រសួង ពាក់ព័ន្ធការពង្រឹងវិន័យបានល្អប្រសើរ ។ ទន្ទឹមនឹងនេះនៅមានគ្រឹះស្ថានសិក្សាមួយចំនួនតូចមិនទាន់អនុវត្តឱ្យបានពេញលេញ ជាពិសេសការគ្រប់គ្រងអ្នកសិក្សាក្នុងបរិវេណគ្រឹះស្ថានសិក្សាដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ឱ្យបានទូលំទូលាយ និងមានការទទួលខុសត្រូវនៅឡើយ ដែលបង្កឱ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានាកើតឡើង។ដូច្នេះ ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងឲ្យបានល្អប្រសើរ ១ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវពង្រឹងការអនុវត្តភារកិច្ចរបស់គ្រូទទួលបន្ទុកថ្នាក់ លោកគ្រូ អ្នកគ្រូបង្រៀនតាមមុខវិជ្ជាឱ្យណែនាំសិស្សានុសិស្ស អនុវត្តបទបញ្ជាផ្ទៃក្នុងរាល់ម៉ោងសិក្សា និងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាយុវជន កុមារ ក្រុមប្រឹក្សាវិន័យ ក្រុមប្រឹក្សាអប់រំ ដើម្បីមានវិធានការទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពមិនប្រក្រតីរបស់សិស្ស ក្នុងបរិវេណគ្រឹះស្ថានសិក្សា។ ២ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវប្រជុំណែនាំអំពីករណីកិច្ចរបស់អ្នកសិក្សា ដូចជា៖ វិន័យសីលធម៌ សុជីវធម៌ ការស្លៀកពាក់ ការតុបតែងខ្លួន អនាម័យ កម្រិតវិន័យ ការសុំច្បាប់ឈប់សម្រាក របបពិន្ទុការឡើងថ្នាក់ ត្រួតថ្នាក់ និងការចូលរួមសកម្មភាពនានាក្នុង និងក្រៅគ្រឹះស្ថានសិក្សា ដល់សិស្សា នុសិស្ស រៀងរាល់ពេលគោរពទង់ជាតិ ឬ មុនពេលចាប់ផ្តើមបង្រៀន ស្របតាមបទបញ្ជាផ្ទៃក្នុង។ ៣ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវធ្វើទំនាក់ទំនង និងសហការជិតស្និទ្ធជាមួយ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ ដើម្បីផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងបាតុភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំ ណែនាំ កែលម្អ បានទាន់ពេលវេលា។ ៤ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចដូចជា៖ កម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី ដើម្បីផ្តល់ព័ត៌មានក្នុងករណីមានការប្រព្រឹត្តអំពើអន្ធពាលអំពើហិង្សា សកម្មភាពអុកឡុកបង្កចលាចលនានា ពីសំណាក់សិស្សា នុសិស្ស ឬ ក្រុមក្មេងទំនើង នៅក្បែរ ឬក្នុងបរិវេណគ្រឹះស្ថានសិក្សា។ ៥ ការិយាល័យអប់រំ យុវ ជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវកំណត់របៀបវារៈអំពីប្រសិទ្ធភាពនៃការអនុវត្តបទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធការពង្រឹងវិន័យ រាល់កិច្ចប្រជុំប្រចាំខែជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ៦ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយ ណែនាំ ត្រួតពិនិត្យការអនុវត្តច្បាប់ជាពិសេសបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាដោយកំណត់របៀបវារៈរាល់កិច្ចប្រជុំប្រចាំខែជាមួយការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលស្ថិតក្រោមឱវាទ។ ៧ អ្នកសិក្សា ត្រូវអនុវត្តបទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋាននានា ដែលបានដាក់ចេញ។ ក្នុងករណីអ្នកសិក្សាបានប្រព្រឹត្តខុស អ្នកសិក្សានោះត្រូវទទួលទណ្ឌកម្មតាមបទបញ្ជាផ្ទៃក្នុង ដែលនៅជាធរមានករណីមិនរាងចាល ឬ បង្កអំពើហិង្សាត្រូវប្រឈមនឹងការលុបឈ្មោះចេញពីសាលា។ ដោយឡែកបទល្មើសព្រហ្មទណ្ឌ ក្នុងនិងក្រៅបរិវេណគ្រឹះស្ថានសិក្សា អ្នកសិក្សានោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងស្ថិតនៅក្រោមសមត្ថកិច្ច របស់អាជ្ញាធរតាមឋានានុក្រម ៕