ចិនប្រកាសថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្ស ខណៈមានមនុស្សស្លាប់កើនឡើងដល់៤នាក់ នៅក្រុងវូហាន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


យោងតាមការបញ្ជាក់ពីអាជ្ញាធរចិនបានឲ្យដឹងថា មនុស្សម្នាក់ទៀតហើយបានស្លាប់នៅថ្ងៃអង្គារនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបនៅក្នុងទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកើនឡើងដល់ ០៤នាក់ហើយចាប់តាំងពីការផ្ទុះវីរុសផ្លូវដង្ហើមថ្មី។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃ ទី ២១ ខែ មករា ឆ្នាំ ២០២០។
ក្រៅពីចំនួនមនុស្សស្លាប់កើនដល់ ០៤នាក់នៅទីក្រុងវូហាន ខេត្ត ហ៊ុយបេ ក៏មានការរាយការណ៍ថា អ្នកឆ្លងវីរុសនេះបានកើនឡើងដល់ ២១៨នាក់ផងដែរ ខណៈប្រទេសផ្សេងទៀតក្រៅពីចិន ដូចជា ថៃ ជប៉ុន និងកូរ៉េខាងត្បូង បានរកឃើញអ្នកឆ្លងវីរុសផ្លូវ ដង្ហើមផងដែរហើយសុទ្ធតែមានប្រភពពីប្រទេសចិន។
សូមបញ្ជាក់ថា ករណីជំងឺរលាកសួតប្រភេទនេះត្រូវបានរកឃើញ និងបានរាយការណ៍ដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន និង ហត់ខ្លាំង ធ្វើឲ្យប្រទេសចិន និងពិភពលោកព្រួយបារម្ភយ៉ាងខ្លាំងនាប៉ុន្មានសប្តាហ៍មកនេះ។អង្គការសុខភាពពិភពលោកនឹងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ នៅថ្ងៃពុធសប្តាហ៍នេះដើម្បីកំណត់ថាតើត្រូវប្រកាសពី “ការសង្គ្រោះបន្ទាន់សុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ” ឫយ៉ាងណា៕
ប្រភព៖ សារព័ត៌មាន Channel News Asia