ប្រធានាធិបតីចិន ជំរុញឱ្យមានការការពារអាយុជីវិតរបស់ប្រជាជន ជាអាទិភាពខ្ពស់បំផុត ខណៈករណីជំងឺរលាកសួតកើនឡើងដល់ ២១៨ ករណី

វិទ្យុជាតិកម្ពុជា: លោក ភួង ឈុនលាង


លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានលើកឡើងថា ប្រទេសចិននឹងទប់ស្កាត់ការរីករាលដាលនៃការផ្ទុះឡើងនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសប្រភេទថ្មីនេះ។ដូច្នេះ ការការពារអាយុជីវិតរបស់ប្រជាជនត្រូវតែផ្តល់អាទិភាពខ្ពស់បំផុតហើយការរីករាលដាលនៃជំងឺរាតត្បាតនេះគួរតែដោះស្រាយឱ្យបានត្រឹមត្រូវ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
ទូរទស្សន៍រដ្ឋចិន បានឲ្យដឹងថា ចំនួនមនុស្សសរុបដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះបានកើនឡើងដល់ ២១៨ នាក់ហើយ ។ លោកប្រធានាធិបតី ស៊ី ជីនពីង បានអំពាវនាវឲ្យមានការចេញផ្សាយព័ត៌មានស្តីពីការរាតត្បាតជំងឺរលាកសួតនេះឱ្យបានទាន់ពេលវេលានិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាថាប្រជាជនអាចរីករាយនឹង “ពិធីបុណ្យនិទាឃរដូវប្រកបដោយស្ថេរភាពនិងសន្តិភាព”។
សូមបញ្ជាក់ថា ករណីជំងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន និង ហត់៕
ប្រភព៖ សារព័ត៌មាន Channel News Asia