នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ឡើងសវនាការនៅតុលាការកាណាដាដើម្បី តស៊ូក្តី នឹងការធ្វើបត្យាប័នទៅអាមេរិក

វិទ្យុជាតិកម្ពុជា: លោក ភួង ឈុនលាង៖


នាយកជាន់ខ្ពស់ទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកាណាដា ហើយឃុំខ្លួនក្នុងលំនៅឋានរហូតមកដល់ពេលនេះ នឹងឡើងសវនាការនៅតុលាការកាណាដាដើម្បីតទល់ នឹងការធ្វើបត្យាប័នទៅអាមេរិក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
លោកស្រី Meng Wanzhou (ម៉េង វ៉ានចូវ) គឺជាអនុប្រធានក្រុមប្រឹក្សាភិបាល និងប្រធានហិរញ្ញវត្ថុ (CFO) នៃ ក្រុមហ៊ុនទូរគមនាគមន៍ Huawei ដែល ជាក្រុមហ៊ុនឯកជនធំបំផុត ប្រចាំ ប្រទេសចិន ត្រូវបានបង្កើតឡើងដោយលោក Ren Zhengfei ដែល ជា ឪពុក ។ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី ម៉េង វ៉ានចូវ ត្រូវបានចាប់ខ្លួននៅប្រទេសកាណាដា តបតាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ថា លោកស្រីបានកេងបន្លំ ស្ថាប័ន ហិរញ្ញវត្ថុជាច្រើន កន្លែងនិងជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ដែលវាផ្ទុយនឹងគោលការណ៍នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ទោះបីជាលោកស្រីបាន ច្រាន ចោល ការ ចោទ ប្រកាន់ថាមិន បាន បំពាន ច្បាប់ ណាមួយ របស់ សហរដ្ឋអាមេរិក ឬកាណាដាក៏ដោយ។
សូមបញ្ជាក់ថា កាលពីថ្ងៃច័ន្ទក្រសួងការបរទេសចិនក៏បានអំពាវនាវទៅកាន់ប្រទេសកាណាដា ឲ្យធ្វើការដោះលែងនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei រូបនេះជាបន្ទាន់តាមដែលអាចធ្វើទៅបាន ដោយអះអាងថា ទង្វើរបស់កាណាដា គឺទទួលបានការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក៕ប្រភព៖ សារព័ត៌មាន Channel News Asia