លោក​ Erdogan និយាយថា មិនទាន់បានបញ្ជូនកងទ័ព ទៅកាន់ប្រទេសលីប៊ីទេ មានតែទីប្រឹក្សាយោធាប៉ុណ្ណោះ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២០ លោក Erdogan បាននិយាយថា កងទ័ពតួកគីកំពុងធ្វើដំណើរទៅកាន់ប្រទេសលីប៊ីជាបណ្តើរៗហើយ ដើម្បីគាំទ្រដល់រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ (GNA) ដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ាបានចុះហត្ថលេខាលើអនុស្សរណៈសន្តិសុខកាលពីខែធ្នូ។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទនេះថា មិនមានកងទ័ពតួកគីនៅក្នុងប្រទេសលីប៊ីនៅឡើយទេ មានតែអ្នកប្រឹក្សាយោធាតួកគីប៉ុណ្ណោះ។

លោក Erdogan ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានតួកគី A Haber ដែលបាននិយាយថា យើងមិនបញ្ជូនកងទ័ពទៅលីប៊ីទេនៅពេលឥឡូវនេះ។ យើងបានបញ្ជូនតែក្រុមប្រឹក្សា និងអ្នកណែនាំយោធាទៅទីនោះប៉ុណ្ណោះ។

នៅក្នុងសប្តាហ៍នេះ ទីក្រុងអង់ការ៉ាបានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងទ័ពដើម្បីគាំទ្ររដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ (GNA) នៅក្នុងទីក្រុងទ្រីប៉ូលី ក្នុងការប្រយុទ្ធប្រឆាំងនឹងគូប្រជែងរបស់ខ្លួននៅភាគខាងកើតប្រទេស គឺកងទ័ពជាតិលីប៊ី (LNA) បន្ទាប់ពីកិច្ចចរចាបទឈប់បាញ់រវាងប្រទេសទាំងពីរនៅទីក្រុង    មូស្គូបានបរាជ័យ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)