សភាជាតិហ៊្សកដានីបោះឆ្នោតប្រឆាំងនឹងការនាំចូលឧស្ម័នពីអ៊ីស្រាអ៊ែល

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០​ — ប្រធានគណៈកម្មាធិការច្បាប់នៃសភាជាតិហ៊្សកដានីបាននិយាយថា កាលពីថ្ងៃអាទិត្យ សភាជាតិហ៊្សកដានីបានបោះឆ្នោតប្រឆាំងនឹងការនាំចូលឧស្ម័នពីអ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន Petra ដែលគ្រប់គ្រងដោយរដ្ឋបានដកស្រង់សម្តីរបស់លោក Abdul Monem Odat ដែលបាននិយាយថា «យោងទៅតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការច្បាប់ វាមិនត្រូវបានអនុញ្ញាតសម្រាប់រដ្ឋាភិបាល និងក្រសួងរបស់ខ្លួន ព្រមទាំងបណ្តាក្រុមហ៊ុន និងស្ថាប័ននានា នាំចូលឧស្ម័នពីអ៊ីស្រាអែលទេ»។

កាលពីថ្ងៃសុក្រ ប្រជាជនហ៊្សកដានីរាប់រយនាក់បានតវ៉ាប្រឆាំងទៅនឹងការនាំចូលឧស្ម័នពីអ៊ីស្រាអែលនៅទីប្រជុំជនអាម៉ាន់។ ក្រុមបាតុករបានតិះដៀលរដ្ឋាភិបាលចំពោះការបដិសេធមិនសហការជាមួយ     បណ្តាប្រទេសជិតខាងមួយចំនួននៅអារ៉ាប់ដែលផ្តល់ការផ្គត់ផ្គង់ប្រេង នឹងបានទាមទារឱ្យលុបចោលកិច្ចព្រមព្រៀងជាមួយពួកអ៊ីស្រាអែល ក៏ដូចជាការកែប្រែរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយរដ្ឋ Jewish។

នៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Noble Energy របស់សហរដ្ឋអាមេរិកដែលជាក្រុមហ៊ុនប្រតិបត្តិការលក់ហ្គាសនៅអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលអគ្គិសនីជាតិហ៊្សកដានីសម្រាប់ការនាំចូលឧស្ម័នធម្មជាតិ។ ប្រធាន NEPCO លោក Abdelfattah al-Daradkeh បាននិយាយនៅមុននេះថា ការបញ្ជូនឧស្ម័នពីអ៊ីស្រាអែលទៅហ៊្សកដានីនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២០ នេះ ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះសន្សំប្រាក់បានជាង ១ប៊ីលានដុល្លារអាម៉េរិកលើថ្លៃថាមពល ចំពេលដែលប្រទេសកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលថាមពល៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)