កូរ៉េខាងត្បូងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសរុស្ស៊ី និងម៉ុងហ្គោលី

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេស​កូរ៉េខាងត្បូងនឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅឆ្នាំនេះ ជាមួយប្រទេសរុស្ស៊ី និងម៉ុងហ្គោលី និងប្រទេសដទៃទៀត ដែលស្ថិតនៅភាគខាងជើងនៃ​ឧបទ្វីបកូរ៉េ ស្រប​តាម​គំនិតផ្តួចផ្តើមការទូតនៃគោលនយោបាយខាងជើងថ្មីរបស់ខ្លួន។

លោក ហុង បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំមួយ ជាមួយរដ្ឋមន្រ្តីពាក់​ព័ន្ធ​និងសេដ្ឋកិច្ចកាលពីព្រឹកថ្ងៃម្សិលមិញ។

លោក ហុង បានប្រាប់អង្គប្រជុំថា ប្រទេសកូរ៉េខាងត្បូងនឹងជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយបណ្តាប្រទេសនានានៅភាគខាងជើង ដើម្បីទាញយកសមិទ្ធិផលចេញពី​គោលនយោបាយថ្មីនៅខាងជើង។

ប្រធានាធិបតីលោក មូន ជេ-អ៊ីន បានបង្កើតគណៈកម្មាធិការប្រធានាធិបតី សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចភាគខាងជើងកាលពីខែឧសភា ឆ្នាំ ២០១៧ ដើម្បីដឹកនាំយុទ្ធនាការ​ការទូត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ជាមួយ​ប្រទេសនានានៅតំបន់ភាគខាងជើងរួមទាំងប្រទេសនៅ Eurasia។

នៅក្នុងឆ្នាំ២០២០នេះ កូរ៉េខាងត្បូងប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាមួយរុស្ស៊ី និងម៉ុងហ្គោលី។

ក្រសួងហិរញ្ញវត្ថុបាននិយាយថា ក្រោមគំនិតផ្តួចផ្តើមនេះ ប្រទេសកូរ៉េខាងត្បូងនឹង​ពង្រីក​គម្រោងសហប្រតិបត្តិការរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ក្នុងវិស័យផ្លូវដែក អគ្គិសនី ឧស្ម័ន កំពង់ផែ កសិកម្ម និងជលផល។

តាមក្រសួងបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងស្វែងរកការចុះហត្ថលេខា លើកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយបណ្តាប្រទេសដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ។

លោក ហុង បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងមិនមានកិច្ចខិតខំប្រឹងប្រែងណា​មួយ ដើម្បីជួយបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដ៏ធំមួយនៅចុងឆ្នាំនេះទេ ដោយ​​ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។

អាស៊ាន និងដៃគូសន្ទនារបស់ខ្លួន មានដូចជាប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយ​ក្នុងតំបន់(RCEP) កាលពីខែវិច្ឆិកាឆ្នាំមុន ដោយមានគោលដៅចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះក្នុងឆ្នាំនេះ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)