ទឹកជ្រោះកាចាញក្នុងខេត្តរតនៈគីរី កំពុងស្រូបទាញភ្ញៀវទេសចរចូលកម្សាន្តមិនចេះដាច់

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២០.០១.២០២០៖

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគីរី បានឲ្យដឹងថា ទឹកជ្រោះកាចាញ ជារមណីយដ្ឋានធម្មជាតិ ដែលកំពុងស្រូបទាញភ្ញៀវទេសចរចូលកម្សាន្តមិនចេះដាច់ ដោយសារមានទេសភាពព្រៃប្រឹក្សាដ៏ស្រស់ស្អាត និងបានមើលឃើញយ៉ាងច្បាស់នៃចរន្តទឹកធ្លាក់សក្បុស ដែលមានកម្ពស់ប្រមាណជាង១៣ម៉ែត្រ ។
លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគីរី បានមានប្រសាសន៍ថា ទឹកជ្រោះកាចាយ ស្ថិតនៅក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគិរី មានចម្ងាយប្រមាណជាង ៦ គីឡូម៉ែត្រពីក្រុងបានលុង ដែលមានប្រភពទឹកហូរមកពីបឹងយក្សឡោម។
លោក បានបន្តថា រមណីយដ្ឋានធម្មជាតិនេះ បានរៀបចំសណ្តាប់ធ្នាប់ ការដាំដើមឈើ ថែរក្សាអនាម័យបរិស្ថាន ពង្រឹងសន្តិសុខ សុវត្ថិភាព និងមានតូបលក់ម្ហូបអាហារ បានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវដែលមកលេងកម្សាន្តសប្បាយ ជាពិសេសមន្ទីរក៏បានរចនាបន្ថែមឲ្យមានជាស្ពានយោល និងផ្ទះជនជាតិភាគតិច ដើម្បីជាការទាក់ទាញបន្ថែម និងបង្ហាញអំពីវប្បធម៍ប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរអន្តរជាតិផងដែរ។
សំឡេង ៖ គឺជាទឹកជ្រោះដែលហូរចេញពីធម្មជាតិ ហើយបច្ចុប្បន្ននេះក្រោមការរៀបចំនិងសហការជាមួយអាជ្ញាធរក៏ដូចជាមន្ទីរបានរៀបចំស្អាតបាតហើយដើម្បីឆ្លើយតបទៅនឹងចលនាប្រលងប្រណាំងរមណីយដ្ឋានស្អាតទូទាំងប្រទេស ហើយបច្ចុប្បន្ននេះយើងកំពុងស្តារឡើងវិញនៅធនធានធម្មជាតិ គឺយើងដាំបេង យើងដាំដើមឈើចំរុះ ដើម្បីបង្កើតជាម្លប់សំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់មកលេងកម្សាន្តដែរ និងដើម្បីកម្ពុជាជាគោលដៅទេសចរណ៏ទាំងជាតិនិងអន្តរជាតិ ។
លោកប្រធានមន្ទីរទេសចរណ៏ខេត្តរតនៈគីរី បានអំពាវនាវដល់អាជីវករនិងប្រជាជន ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទឹកជ្រោះកាចាយទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានល្អ បង្កើនគុណភាពសេវាកម្ម សុវត្ថិភាព ជាពិសេសជំនាញទន់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំដៅឲ្យទឹកជ្រោះកាចាយ កាន់តែមានភាពទាក់ទាញ ប្រកបដោយសេវាកម្មល្អ រមណីយដ្ឋានស្អាត និងសុខសុវត្ថិភាព ។
សូមបញ្ជាក់ថា ខេត្តរតនៈគីរី មានរមណីយដ្ឋានធម្មជាតិចំនួន១៤កន្លែង ដែលបាននឹងកំពុងទាក់ទាញភៀវទេសចរជាតិ អន្តរជាតិ ឲ្យមកចូលទស្សនាកម្សាន្តមិនចេះដាច់ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបានមួយកំរិតទៀត៕