រាត្រីសមោសរតាម​អ៊ីនធឺណិត​ដើម្បី​​អបអរ​បុណ្យ​ចូល​ឆ្នាំថ្មី​​ប្រពៃណី​ចិន​ឆ្នាំ ២០២០ នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ផ្តោត​លើ​​ទស្សនីយភាព​សិល្បៈ​យុវជន

​វិទ្យុជាតិកម្ពុជា៖

កាល​ពី​ថ្ងៃទី ១៧ ខែមករា ​រាត្រី​សមោសរ​តាម​អ៊ីនធឺណិត​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ ២០២០​ បាន​បញ្ចាំង​តាមប៉ុស្តិ៍​ទូរទស្សន៍​កម្សាន្ត​ , ​​APP នៃ​វីដេអូឃ្លីប ​ និង​ APP ​ព័ត៌មាន​នៃ​ស្ថានីយទូរទស្សន៍​មជ្ឈិម​ចិន​​ក្នុង​ពេល​តែ​មួយ ។
រាត្រីសមោសរ​តាម​អ៊ីនធីណិត​ឆ្នាំ ២០២០ នេះ​បាន​រៀបចំ​ធ្វើ​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ផ្តោត​លើ​ទស្សនីយភាព​សិល្បៈ​យុវជន​​តាម​ទម្រង់​យុវវ័យ​ដែលឆ្លុះបញ្ចាំង​ពីភាព​សប្បាយរីករាយ​ជូន​យុវជន​​ ។
គួរ​រំលឹក​ថា រាត្រីសមោសរ​មួយនេះមាន​កម្មវិធីដ៏​សម្បូរ​បែប ដូច​ជា​ច្រៀង​ចម្រៀង​ រាំ​របាំ និង​សម្តែង​ក្បាច់​គុន​កុងហ្វូ​ជាដើម ក្រោម​ការ​ចូលរួមពី​សំណាក់​​តារា​ជាច្រើន​ ក៏​ដូចជា​ជន​​ល្បី​ឈ្មោះ​លើ​បណ្តាញ​អ៊ីនធឺណិតដែរ​ ​។ ​
រាត្រីសមោសរ​តាម​អ៊ីនធឺណិតដ៏​អធិក​អធម​មួយ​នេះ​បានឆ្លុះ​បញ្ចាំង​ពី​​ភាព​ល្អ​ប្រសើរ​ក្នុង​យុគសម័យ​នេះ​ និង​ផ្សព្វផ្សាយ​នូវ​​​ភាពក្លៀវក្លា​​​របស់​យុវជន​ ​ព្រមទាំង​ការ​ប្រមូល​ផ្តុំ​​កម្លាំង​​រីក​ចម្រើនផង​​ដែរ ៕