អំណោយសង្រ្គោះបន្ទាន់ របស់កាកបាទក្រហមកម្ពុជា និងក្រុមការងារពង្រឹងមូលដ្ឋាន បានប្រគល់ជូនលោកយាយ ដុង វ៉ន ទទួលរងគ្រោះដោយសារលំផ្ទះ

វិទ្យុជាតិកម្ពុជា ៖ដោយលោកចិន សារ៉ាត ខេត្តកំពង់ចាម

លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ ចាម រួមដំណើរជាមួយ លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភា ព្រមទាំង សហការី បាននាំយកអំណោយសង្រ្គោះបន្ទាន់ របស់សាខាកាកបាទក្រហមខេត្តកំពង់ចាម និងអំណោយរបស់ក្រុមការងារចុះមូលដ្ឋាន ទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ឈ្មោះ លោកយាយ ដុង វ៉ន អាយុ ៧៤ឆ្នាំ ដែលមានកូនក្នុងបន្ទុកចំនួន ៦នាក់ នៅភួមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានទទួលរងគ្រោះដោយសាររលំផ្ទះ ខណៈដែលក្រុមជាងរុញរំកិលផ្លាស់ទី ទៅកាន់ផ្នែកក្រោយនោះ ។
ក្នុងឪកាសប្រគល់អំណោយ
នៅរសៀលថ្ងៃទី១៧ មករា ឆ្នាំ២០២០ នេះលោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ប្រសាសន៍របស់ ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្ដម ប្រធានគណៈ កម្មាធិការសាខា ជូនចំពោះ គ្រួសាររងគ្រោះ ផងដែរ ។
លោកជំទាវ បានសម្ដែងនូវការសោកស្ដាយ ជាខ្លាំង ចំពោះ គ្រួសារលោកយាយ ដុង វ៉ន ដែលបានទទួលរងគ្រោះ ដោយសារករណី ដែលមិនគួរឲ្យកើតមាន យ៉ាងដូច្នេះ ។ លោកជំទាវ មានប្រសាសន៍ថា ថ្ងៃនេះ ដើម្បី ចូលរួមសម្រាលបន្ទុក របស់លោកយាយ ថ្នាក់ដឹក ក៏ដូចជា លោកជំទាវផ្ទាល់ បាននាំយកអំណោយ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលរួមមាន ៖ អង្ករ ៦០គីឡូក្រាម ស័ង្កសី ១៦សន្លឹក និងថវិកា ២០ម៉ឺនរៀល ។ បន្ថែមពីនេះទៀតនោះ លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភា ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ២០ម៉ឺនរៀល ហើយលោកជំទាវបានឧបត្ថម្ភ ថវិកាចំនួន១០ម៉ឺនរៀល ។ ក្រៅពីនោះ ក្រុមការងារចុះមូលដ្ឋាន ក្នុងឃុំពង្រ លោកជំទាវ ពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា ក៏បានឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល និងអង្កចំនួន៥០គីឡូក្រាមនិងរដ្ឋបាលឃុំពង្រ អង្គរ១បេ ដើម្បី លោកយាយ បានដោះស្រាយការលំបាកនេះ ផងដែរ ។
សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ១ខ្នង របស់ប្រជាពលរដ្ឋ នៅស្រុកកោះសូទិន បានដួលរលំបាក់រាបដល់ដី ខណៈដែលក្រុមជាង បានរំកិល ថយក្រោយបានបន្តិច ។
បើតាមសម្តីរបស់ម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា ការដួលរលំនេះ កើតឡើង បន្ទាប់ពីម្ចាស់ផ្ទះ បានជួលក្រុមជាងជំនាញ ដើម្បី រុញរំកិលផ្ទះរបស់ខ្លួន ពីខាងមុខ ឆ្ពោះទៅកាន់ដីទំនេរផ្នែកខាងក្រោយ ដើម្បី ទុកបរិវេណខាងមុខ ឱ្យ ទូលាយបន្តិច ។ លុះក្រុមជាងរំកិលផ្ទះ បានប្រមាណជា ២ម៉ែត្រ ពីទីតាំងចាស់ ក៏ខុសទំនង បណ្ដាលឲ្យរអិលរនេល និងដួលរលំ តែម្តង ។ ករណីនេះ ពុំមាន ប៉ះពាល់ដល់ អាយុជីវិតមនុស្សឡើយ ៕