ឯកឧត្ដម លន់ លឹមថៃ ជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ  ដើម្បី ស្វែងយល់អំពីស្ថាន      ភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅឃុំទ្រាន ស្រុកកំពង់សៀម

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម

ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បី ស្វែងយល់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទាំងឃុំទ្រាន ស្រុកកំពង់សៀមនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន ចំនួន ៨គ្រួសារ ដែលជាជនចាស់ជរា ស្ត្រីមេម៉ាយ និងគ្រួសារជួបការលំបាក នៅ ភូមិចំនួន ៦ ក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានឲ្យដឹងថា ក្រោយពីការស្រាវជ្រាវជំហានតំបូង ទៅលើប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅទូទាំង ឃុំទ្រាន មានគ្រួសារ ចំនួន ០៨ ដែលជាស្ត្រីម៉េមាយ គ្មានទីពឹង និងចាស់ជរាជួបការលំបាក ក្នុងនោះមាន ឈ្មោះ ៖ ១-លោកស្រី ផែន រិន អាយុ ៦៣ឆ្នាំ នៅភូមិវាលគ្រៀល ។ ២-លោកស្រី ជា ហន អាយុ ៦៦ឆ្នាំ នៅភូមិវាលគ្រៀល ។ ៣-លោកស្រី ម៉ាន់ រឿន អាយុ ៧២ឆ្នាំ នៅភូមិប៉ែន ។ ៤-លោកស្រី វ៉ាន់ វី អាយុ ៦៦ឆ្នាំ នៅភួមិទួលចំបក់ ។ ៥-លោកស្រី ស៊ាន ធីម អាយុ ៧៨ឆ្នាំ នៅភូមិត្រពាំងតាសុខ ។ ៦-លោកស្រី មាស ឆន អាយុ ៧១ឆ្នាំ នៅភូមិពោន ។ ៧-លោកស្រី សាត់ ផាន អាយុ ៦៦ឆ្នាំ នៅភូមិទ្រាន ។ និង៨-លោក រុម ភារុន អាយុ ៣៥ឆ្នាំ នៅភូមិច្រកស្តៅ ។

ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីទទួលបានរបាយការណ៏ពីអាជ្ញាធរថា មានប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទើបថ្ងៃនេះ ឯកឧត្ដមផ្ទាល់ រួមជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន សហការគ្នា បរិច្ចាកនូវធនធានផ្ទាល់ខ្លួន ទៅតាមសទ្ធា ពោលគឺ ជាវប្បធម៌ នៃការចែករំលែក សម្រាប់ទិញជាសម្ភារៈ និងថវិកាមួយចំនួន មកចែកជូនបងប្អូន លោកតា យាយ ដោយផ្ទាល់ដៃ ដើម្បី រួមចំណែកនូវអំពើមនុស្សធ៌ ក៏ដូចជាការដោះស្រាយការលំបាក របស់បងប្អូន បានមួយគ្រា និងទាន់ពេលវេលា ផងដែរ ។

ឯកឧត្ដមបានផ្ដាំផ្ញើចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងអស់ ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងបន្តទៀត តាមរយៈ ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ក៏ដូចជា ការបញ្ជូនកូនចៅ ដែលពេញកម្លាំង ទៅធ្វើការងារតាមរោងចក្រ សហគ្រាស ដើម្បី ទទួលបានប្រាក់ខែ មកចិញ្ចឹមក្រុមគ្រួសារ ធ្វើយ៉ាងណា ឲ្យជីវភាព កាន់តែប្រសើរឡើង ។ ជាមួយនោះ បងប្អូនត្រូវចូលរួមថែរក្សាសុខភាពឲ្យបានល្អ និងអនាម័យបរិស្ថាន តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ។
ឯកឧត្ដម លន់ លឹមថៃ និងប្រតិភូអមដំណើរ ក៏បាននាំអំណោយរួមគ្នា  ចែកជូនប្រជាពលរដ្ឋទាំង ០៨គ្រួសារ ខាងលើ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ុអ៊ីវ ត្រីខ ស្កសរ ទឹកដោះគោ សាប៊ូដុំ សាប៊ូម្សៅ និងថវិកា ១០ម៉ឺនរៀល ។ ក្រៅពីនោះ ក៏បានឧបត្ថម្ភថវិកា ដល់កម្លាំងប្រជាការពារ និងអ្នកចូលរួមតាមខ្នងផ្ទះ សរុបថវិកា ចំនួន ៥០០.០០០រៀល ផងដែរ ៕