អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ច្រានចោលព័ត៌មានមិនមានការពិត ពាក់ពន្ធ័នឹងការនាំជ្រូកចូលគ្មានការត្រួតពិនិត្យ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទច្រានចោលព័ត៌មានមិនមានការពិត ដែលបានផ្សព្វផ្សាយមកលើមន្ត្រីមានសមត្ថកិច្ច ពិសេសអាជ្ញាធរខេត្តតាកែវ និងឈ្មួញវៀតណាម សហការគ្នាត្រៀមជ្រូកចូលគ្មានត្រួតពិនិត្យ មុនចូលឆ្នាំចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពិនិត្យឃើញថា មានសារព័ត៌មានមួយចំនួន និងវិទ្យុបរទេសនិយាយភាសារខ្មែរ បានចុះផ្សាយនិងផ្សព្វផ្សាយព័ត៌មានមិនមានការពិត ពិសេសគេហទំព័រ Media Today , Cambodia Fast News និងENN TV Online ជាដើម បានចោទប្រកាន់មកលើមន្ត្រីមានសមត្ថកិច្ច ពិសេសអាជ្ញាធរខេត្តតាកែវ និងឈ្មួញវៀតណាម សហការគ្នាត្រៀមជ្រូកចូលគ្មានត្រួតពិនិត្យមុនចូលឆ្នាំចិន។
ប្រភពដដែលបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០១៩មកប្រទេសវៀតណាមបានទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិច និងបានរីករាលដាលស្ទើរទូទាំងប្រទេស ធ្វើឱ្យការចិញ្ចឹមជ្រូកមានការថយចុះ ហើយការផ្គត់ផ្គង់សាច់ជ្រូកក៍មិនបានគ្រប់តម្រូវការទីផ្សារ តម្លៃសាច់ជ្រូកចេះតែកើនឡើងជាលំដាប់ ដែលតម្រូវឱ្យមានការនាំចូលជ្រូកពីបរទេសដើម្បីបំពេញតម្រូវការខ្វះខាត ។ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនាំជ្រូកឆ្លងកាត់ពីប្រទេសថៃឡង់ដ៏ ទៅប្រទេសវៀតណាម ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុនស្របច្បាប់បានទទួលគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងមានលិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ ចេញដោយអគ្គនាយកដ្ឋាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ អនាម័យសត្វពីប្រទេសនាំចេញ ដើម្បីផ្គត់ផ្គង់នៅទីផ្សារបរទេស ។
ប្រភពដែល បន្ថែមថា ការពិតមិនមានករណីនាំចូលជ្រូកពីវៀតណាមមកកម្ពុជាឡើយ ព្រោះជ្រូកនៅប្រទេសវៀតណាមមានតម្លៃថ្លៃជាងព្រះរាជាណាចក្រកម្ពុជា ហើយកំពុងខ្វះខាតខ្លាំង អ្វីដែលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានដឹង ហើយតែងតែតាមដាន តម្លៃទីផ្សារជ្រូកជាមួយសមាគមន៍ចិញ្ចឹមសត្វ គឺនៅវៀតណាមតម្លៃជ្រូករស់ នៅពេលនេះចន្លោះថ្លៃពី ៣,៥ ដុល្លា ដល់ ៤ ដុល្លាអាមេរិក(១៤ ០០០រៀលដល់១៦ ០០០រៀល)ក្នុងមួយគីឡូក្រាម ចំណែកនៅព្រះរាជាណាចក្រកម្ពុជាតម្លៃចន្លោះពី១១ ០០០រៀលទៅ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមទីតាំងផ្សេងគ្នា ។ នៅពេលបច្ចុប្បន្ននេះជ្រូកឆ្លងកាត់ពីប្រទេសថៃឡង់ដ៏ទៅប្រទេសវៀតណាមចន្លោះពី ៣ ៥០០ ក្បាល ទៅ ៧ ០០០ ក្បាល ក្នុងមួយថ្ងៃ ។ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ ជ្រូកចំនួន ៤ ៥០០ ក្បាល ត្រូវបាននាំពីប្រទេសថៃឡង់ដ៏ ទៅប្រទេសវៀតណាម ។ ករណីនាំជ្រូកចេញពីវៀតណាមត្រលប់មកកម្ពុជាវិញ មានករណីនៃការដឹកជ្រូកមកពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់តំបន់នានានៅប្រទេសវៀតណាម ជ្រូកមួយចំនួនត្រូវបានដឹកជញ្ជូនដល់គោលដៅដើម្បីផ្គត់ផ្គង់ទីផ្សារ ។ជាមួយគ្នានេះដែរ ជ្រូកមួយចំនួនទៀតត្រូវបាន ភាគីវៀតណាម មិនអនុញ្ញាតដោយដឹកឆ្លងកាត់តំបន់ផ្ទុះជំងឺ ដែលតាមគោលការណ៍អង្គការសុខភាពសត្វពិភពលោករាល់ចរាចរសត្វ និងផលិតផលសត្វចេញចូលតំបន់ផ្ទុះជំងឺសត្វ ត្រូវបានហាមឃាត់ក្នុងរង្វង់កាំ១០គីឡូម៉ែត ពីចំណុចផ្ទុះជំងឺ ហើយជ្រូកទាំងនោះ បានត្រូវបង្វិលដឹកជញ្ជូនត្រលប់ចូលមកកម្ពុជាវិញ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភាន់ច្រឡំថា ព្រះរាជាណាចក្រកម្ពុជានាំចូលជ្រូកពីវៀតណាម ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វ សង្ឃឹមថា សារព័ត៌មាន និងវិទ្យុ ទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា នឹងបានយល់និងសហការជាមួយមន្ត្រីជំនាញដើម្បីផ្សព្វផ្សាយព័ត៌មានដែលពិតនឹងត្រឹមត្រូវ ៕