រដ្ឋបាលខេត្តប៉ៃលិនប្រជុំបូកសរុប របាយការណ៍វឌ្ឍនភាពនៃការអនុវត្តន៍ការងារក្នុងការ ផ្តល់សេវាតាមវិស័យ របស់អង្គភាពច្រកចេញចូលតែមួយប្រចាំឆ្នាំ ២០១៩

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

នៅរសៀលថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត តំណាង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីណាក់ លោកនាយករដ្ឋបាលខេត្ត ប្រធានអនុប្រធាន មន្ទីរអង្គភាព ពាក់ព័ន្ធនឹងការងារផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានអនុប្រធានអង្គភាពច្រកចេញ ចូលតែមួយខេត្ត មន្ត្រីជួរមុខ ជួរក្រោយនៃអង្គជាពច្រកចេញចូលតែមួយ សរុបចំនួន៣៩រូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការផ្តល់សេវារដ្ឋ បាល នៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើប្រតិភូកម្ម តាមរយៈអនុក្រឹត្យ ១៤ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក យឹម ភារុណ ប្រធានអង្គភាពច្រកចេញចូលតែមួយ ខេត្តប៉ៃលិន បានធ្វើបទបង្ហាញអំពីរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន នៃការអនុវត្ត ការងារការផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ ជូនអង្គប្រជុំ ដើម្បីពិនិត្យនិងកែលម្អរ នូវចំណុចខ្វះខាតនានា ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ ការប្រមូលផ្ដុំសេវា រដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ អង្គភាពច្រកចេញចូលតែមួយខេត្ត បានដាក់អោយដំណើរការទទួលសេវាប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ មកម្ល៉េះ ដោយបានធ្វើការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋជាបន្តបន្ទាប់និងសម្រួលរាល់ការធ្វើលិខិត និងឯកសារ ផ្សេងៗជូនប្រជាពលរដ្ឋអោយកាន់តែងាយស្រួល នឹងបន្តជម្រុញអនុវត្តការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណេយ្យភាព ភាពជឿទុកចិត្ត អោយកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ក៏បានធ្វើការណែនាំក្រើនរម្លឹកនិងជំរុញដល់មន្ត្រីនៃអង្គភាពច្រកចេញ-ចូលតែមួយ និងមន្ទីរជំនាញ ត្រូវសហការគ្នាឱ្យបានល្អថែមទៀត ដើម្បីធ្វើការងារផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវតាមការកំណត់របស់អង្គភាពច្រកចេញ-ចូលតែមួយ ។ប៉ុន្តែចេញតាមបណ្តាមន្ទីរជំនាញ បើសិនរកឃើញថា មន្ត្រីរូបណាដែលប្រព្រឹត្តខុសគោលការណ៍កំណត់របស់ច្បាប់ស្តីអំពីច្រកចេញ-ចូលតែមួយ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តម ក៏បានសំណូមពរដល់មន្ត្រីអង្គភាពច្រកចេញ-ចូលតែមួយត្រូវបម្រើការងារជូនអ្នកមកទទួលសេវាឱ្យបានឆាប់រហ័ស ស្របតាមនីតិវិធីច្បាប់ដែលបានកំណត់។ ក្នុងករណីការងារផ្នែកវិស័យណាមួយ មានភាពរាំងស្ទះត្រូវរាយការណ៍ជូនមករដ្ឋបាលខេត្ត ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយតាមតម្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្នបាលថ្នាក់ក្រោមជាតិ៕

អត្ថបទលោក កុល កាយណា