សហរដ្ឋអាមេរិក ពិចារណាដោយប្រុងប្រយ័ត្នពីការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ​ទៅកាន់មជ្ឈិមបូព៌ាបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់

AKP ភ្នំពេញ  ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — កងទ័ពអាម៉េរិកឥឡូវនេះ កំពុងពិចារណាលើការបញ្ជូនប្រព័ន្ធការពារមីស៊ីល និង​សមត្ថភាពផ្សេងទៀតទៅកាន់មជ្ឈិមបូព៌ាក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹង​ការ​វាយប្រហារមីស៊ីលដែលមានសក្តានុពលរបស់កងកម្លាំងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារ​របស់ឆ្មាំ​បដិវត្តអ៊ីស្លាម (IRGC) កាលពីថ្ងៃទី៨ ខែមករា ទៅលើមូលដ្ឋានទ័ពអាម៉េរិកនៅប្រទេសអ៊ីរ៉ាក់។

រដ្ឋមន្រ្តីការពារជាតិលោក Ryan McCarthy បានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធនេះថា ប្រតិបត្តិការ Martyr Soleimani របស់អ៊ីរ៉ង់ ដែលមានការវាយប្រហារទៅលើមូលដ្ឋានទ័ព​អាកាស Ayn al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ និងមូលដ្ឋានអាកាសមួយទៀតនៅភាគ​ខាងជើង​ក្នុងទីក្រុង Erbil បានធ្វើឱ្យសហរដ្ឋអាមេរិកបន្តការពារខ្លួន។

ជនស៊ីវិលកំពូលរបស់កងទ័ពបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធ នៅឯក្រុម​អ្នក​សរសេរអត្ថបទការពារជាតិនៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី ដូចដែលបានរាយការណ៍​ដោយ​គេហទំព័រ Military.com ថា ពួកគេ គឺជាសត្រូវដែលមាន​សមត្ថភាព​ខ្ពស់ ពួកគេមានសមត្ថភាព​អាចវាយប្រហារ នឹងវាយប្រហារជនជាតិ អាម៉េរិក ដូច្នេះយើងកំពុងពិនិត្យមើលសមត្ថភាព​បន្ថែមដែលយើងអាចបញ្ជូនទៅកាន់តំបន់នេះ។

ទោះបីជាគាត់មិនបាននិយាយលម្អិតអំពីអ្វីដែលជា «សមត្ថភាព » សម្រាប់ការ​ពិចារណា​រួម​បញ្ចូលនោះក៏ដោយ ក៏គាត់បានប្រាប់អ្នកចូលរួមថា « វាអាចមានភាពខុសគ្នា​ជាច្រើន​ ដូចជា​ប្រព័ន្ធការពារមីស៊ីល ដូច្នេះយើងកំពុងពិនិត្យមើលវា​» ។

សេចក្តីប្រកាសរបស់លោក McCarthy បានធ្វើឡើងចំពេលចក្រភពអង់គ្លេសបារាំង និងអាល្លឺម៉ង់បង្កឱ្យមានជម្លោះមួយនៃផែនការសកម្មភាពរួម (JCPOA) ប្រឆាំងនឹងអ៊ីរ៉ង់កាលពី​ថ្ងៃអង្គារ ក្នុងការឆ្លើយតបនឹងការរំលោភបទប្បញ្ញត្តិនុយក្លេអ៊ែរ ដែលបានចែងនៅក្នុងប្រទេស​នេះ។

សេចក្តីថ្លែងការណ៍រួមនេះបានសរសេរថា ប្រទេសទាំងបីរបស់យើងមិនចូលរួម​យុទ្ធនា​ការ​ដើម្បី អនុវត្តន៍សម្ពាធអតិបរិមាប្រឆាំងនឹងអ៊ីរ៉ង់ទេ។ ក្តីសង្ឃឹមរបស់យើង គឺនាំអ៊ីរ៉ង់ឱ្យគោរព​តាម​ការប្តេជ្ញាចិត្តរបស់ខ្លួនក្រោម JCPOA ។

ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី (Hassan Rouhani) បាននិយាយនៅក្នុង​កិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមទូរទស្សន៍មួយកាលពីថ្ងៃពុធ ដែលបានរាយការណ៍ដោយ the Associated Press ថា « ថ្ងៃនេះទាហានអាម៉េរិកកំពុងស្ថិត​ក្នុងភាពគ្រោះថ្នាក់។ ថ្ងៃស្អែក ទាហានអឺរ៉ុបអាចស្ថិតក្នុងគ្រោះថ្នាក់ »។ លោកមិនបានបញ្ជាក់បន្ថែមទៀតអំពីបញ្ហានេះ​ទេ​ ប៉ុន្តែបណ្តាញសារព័ត៌មានរបស់លោកខាងលិចជាច្រើនបានយល់ថា សេចក្តីថ្លែងការណ៍​របស់​លោក​ គឺជាការគំរាមកំហែងដល់កងទ័ពអឺរ៉ុបនៅមជ្ឈិមបូព៌ា។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Ryabkov បានរិះគន់ចំៗ ចំពោះ​សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងបី កាលពីថ្ងៃពុធ ដោយបានហៅវាថាជា « ជំហានបំផ្លិច​បំផ្លាញដែលកាត់បន្ថយឱកាសដើម្បីការពារ JCPOA »៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)