លោក Erdogan ប្រកាសថា ប្រទេសតួកគីកំពុងបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០​ — ទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ​ ដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីមុន បានចុះកិច្ចព្រមព្រៀងមួយក្នុងការដាក់ពង្រាយកងទ័ពតួកគីទៅកាន់ប្រទេស ដែលមានការហែកហួរដោយសង្គ្រាម។ តួកគីបានកត់សម្គាល់ថា ការដាក់ពង្រាយនេះនឹងកើតមានឡើងលុះត្រាតែកងទ័ពរបស់ឧត្តមសេនីយ៍ Haftar នៅតែបន្តការវាយលុករបស់ខ្លួន។

នៅក្នុងសុន្ទរកថាដែលថ្លែងទៅកាន់កិច្ចប្រជុំវាយតម្លៃប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសមាជ និងវប្បធម៌ជាតិ Bestepe នៅទីក្រុងអង់ការ៉ា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសថា ប្រទេសនេះនឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ី ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ។ លោក Erdogan បាននិយាយបន្ថែមថា តួកគីនឹងប្រើទាំងមធ្យោបាយយោធា និងការទូតដើម្បីធានាឱ្យមានស្ថិរភាពនៅក្នុងប្រទេសលីប៊ី។

លោកប្រធានាធិបតីរូបនេះក៏បានកត់សម្គាល់ផងដែរថា ទីក្រុងអង់ការ៉ានឹងចាប់ផ្តើមធ្វើការស្វែងរក នឹងសកម្មភាពខួងសម្រាប់ការបម្រុងទុកឧស្ម័ននៅភាគខាងកើតមេឌីទែរ៉ាណេ នៅក្នុងឆ្នាំ ២០២០ ស្របតាមកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយ GNA ហើយនាវា Oruc Reis បានចាប់ផ្តើមការសិក្សាការរញ្ជួយរួចហើយ។

លោក Erdogan បាននិយាយថា «បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែនសមុទ្រ និងសន្តិសុខជាមួយប្រទេសលីប៊ី វាមិនអាចទៅរួចទេដោយស្របច្បាប់ទេក្នុងការអនុវត្តសកម្មភាពរុករក នឹងខួង [សម្រាប់ឧស្ម័ន] ឬដើម្បីដាក់បំពង់បង្ហូរប្រេងដោយគ្មានការយល់ព្រមពីប្រទេសទាំងពីរ»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)