លោក Pompeo ចូលរួមសន្និសីទអន្តរជាតិស្តីពីលីប៊ី នៅទីក្រុងប៊ែរឡាំង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Morgan Ortgaus បាននិយាយនៅក្នុង​សេចក្តី​ថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Michael Pompeo រដ្ឋមន្រ្តីការបរទេស អាម៉េរិកនឹងធ្វើទស្សនកិច្ចនៅទីក្រុងប៊ែរឡាំងនៅថ្ងៃទី១៩ ខែ​មករា ដែលលោកនឹងចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីលីប៊ី។

តាមប្រសាសន៍របស់លោក Ortagus រដ្ឋមន្រ្តីក្រសួងការបរទេសលោក Michael R. Pompeo នឹងធ្វើដំណើរទៅកាន់ទីក្រុង​ប៊ែរឡាំង​នៅថ្ងៃទី១៩ ខែមករា ដើម្បីចូលរួមសន្និសីទ​អន្តរជាតិដែលរៀបចំរួមគ្នារវាង  អាល្លឺម៉ង់ – អ-ស-ប ស្តីពីលីប៊ី ដោយធ្វើជាផ្នែកមួយនៃផែនការ ៣ ចំណុច របស់តំណាងពិសេសអង្គការ        សហប្រជាជាតិ(សម្រាប់ប្រទេសលីប៊ី)លោក Salame បាន​គូសបញ្ជាក់ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ។

សប្តាហ៍ក្រោយលោក Pompeoក៏នឹងធ្វើទស្សនកិច្ចប្រទេសកូឡុំប៊ី កូស្តារីកា និង​ហ្សាម៉ាអ៊ីក ​ផងដែរ។

នៅថ្ងៃទី១៩ មករា សន្និសីទអន្តរជាតិស្តីពីលីប៊ី នឹងត្រូវរៀបចំឡើង​នៅទីក្រុង​ប៊ែរឡាំង។ គេរំពឹងថា នាយករដ្ឋមន្រ្តីនៃកិច្ចព្រមព្រៀងជាតិរបស់ប្រទេសលីប៊ីនៅទីក្រុងទ្រីប៉ូលី លោក​ Fayez al-Sarraj និងមេបញ្ជាការកងទ័ពជាតិលីប៊ី​លោកសេនាប្រមុខ Khalifa Haftar នឹងចូល​រួម​សន្និសីទនេះ។ ប្រមុខរដ្ឋនៃប្រទេសរុស្ស៊ី អាល់ហ្សេរី ចក្រភពអង់គ្លេស អេហ្ស៊ីប អារ៉ាប់រួម ចិន តួកគី និងបារាំង ក៏នឹងចូលរួមនៅក្នុងសន្និសីទនេះផងដែរ៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)