លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យតែងតាំងលោក Mishustin ជានាយករដ្ឋមន្រ្តីរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០​ — រដ្ឋាភិបាលរុស្ស៊ីទាំងមូលបានលាលែងពីតំណែងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០ ដោយអតីតនាយករដ្ឋមន្រ្តី លោក Dmitry Medvedev បាននិយាយថា ការលាលែងនេះត្រូវបានធ្វើឡើងដើម្បីឱ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន អនុវត្តន៍គោលដៅដែលបានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកទៅកាន់អង្គនីតិបញ្ញត្តិ។

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ។

សភាជាន់ទាបរបស់រុស្ស៊ី គឺរដ្ឋឌូម៉ា (Duma) បានអនុម័តកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ អំពីការតែងតាំងលោក Mikhail Mishustin ឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រី។

យោងតាមលទ្ធផលនៃការបោះឆ្នោតបានឱ្យដឹងថា សមាជិកសភាចំនួន ៣៨៣នាក់ បានបោះឆ្នោតជ្រើសរើសបេក្ខភាពលោក Mikhail Mishustin សម្រាប់មុខតំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសរុស្ស៊ី ដោយគ្មាននរណាម្នាក់បានជំទាស់នោះទេ ខណៈដែលសមាជិកសភា៤១នាក់ផ្សេងទៀតបានបោះឆ្នោតអនុបវាទ។

វាត្រូវបានគេដឹងនៅមុននេះថា សហភាពរុស្ស៊ីដែលមានសំឡេងភាគច្រើននៅក្នុងអង្គនីតិបញ្ញត្តិ គឺមានតែប្រទេសរុស្ស៊ី និងគណបក្សប្រជាធិបតេយ្យសេរីភាពរបស់រុស្ស៊ីទេ ដែលបានសម្រេចចិត្តគាំទ្របេក្ខជននេះ ខណៈដែលគណបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ីបានសម្រេចចិត្តបដិសេធ។

នៅមុននេះ លោក Mishustin បានធ្វើអត្ថាធិប្បាយជាច្រើនទាក់ទងនឹងគំនិតផ្តួចផ្តើមថ្មីរបស់លោក    ពូទីន ដែលត្រូវបានគូសបញ្ជាក់នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅសភាសហព័ន្ធ ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគម្រោងជាតិ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានប្រសិទ្ធភាព។

ការសម្រេចចិត្តនេះធ្វើឡើងមួយថ្ងៃមុន បន្ទាប់ពីលោក ពូទីន បានស្នើបេក្ខភាពរបស់លោក Mishustin ពីប្រធានសេវាពន្ធសហព័ន្ធទៅកាន់តំណែងជាប្រមុខរដ្ឋាភិបាលរុស្ស៊ី។ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ លោក ពូទីន បានប្រកាសអំពីការផ្តោតអារម្មណ៍ថ្មីទៅលើការធ្វើឱ្យសេដ្ឋកិច្ចមានភាពរឹងមាំឡើងវិញ និងលើកកម្ពស់គុណភាពជីវិតរបស់ពលរដ្ឋរុស្ស៊ី ក្នុងអំឡុងពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់សមាជិកសភានៃប្រទេសរុស្ស៊ី៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)