សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកអបអរសាទរវៀតណាមក្នុងការធ្វើជាប្រធានអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០​ — កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួនបានអបអរសាទរប្រទេសវៀតណាមក្នុងការទទួលធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាអង្គការ    ពហុភាគីដ៏សំខាន់មួយសម្រាប់ការជំរុញការបើកចំហរតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

សមាជិកព្រឹទ្ធសភាទាំងនោះរួមមាន លោក Jim Risch និងលោកស្រី Cory Gardner មកពីគណបក្សសាធារណរដ្ឋ លោក Bob Menendez មកពីគណបក្សប្រជាធិបតេយ្យដែលជាប្រធាន និងជាសមាជិកគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាម៉េរិកនិងលោក Ed Markey មកពីគណបក្សប្រជាធិបតេយ្យដូចគ្នា ដែលជាប្រធាន និងជាសមាជិកនៃអនុគណៈកម្មាធិការទទួលបន្ទុកអាស៊ីបូព៌ា ប៉ាស៊ីហ្វិក និងគោលនយោបាយសន្តិសុខតាមអ៊ិនធឺណែតអន្តរជាតិ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញនៅថ្ងៃនោះ ពួកគេក៏បានថ្លែងអំណរគុណដល់ប្រទេសថៃដែលបានទទួលជោគជ័យប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ ២០១៩ កន្លងមក។

ពួកគេបាននិយាយថា «យើងទន្ទឹងរង់ចាំឆ្នាំប្រកបដោយផ្លែផ្កានៃកិច្ចសហការដែលនាំទៅរកវឌ្ឍនភាពជាក់ស្តែងទៅលើបញ្ហាសំខាន់បំផុតសម្រាប់សមាជិកអាស៊ាន និងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកទាំងមូល។ ដល់ពេលដែលត្រូវស្គាល់សហគមន៍សេដ្ឋកិច្ចអាស៊ាន ការកសាងសមត្ថភាពនៅក្នុងឧស្សាហកម្មនាពេលអនាគត និងឥរិយាបថអាស៊ានជាកត្តាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ សមាជិកអាស៊ានរួមទាំងប្រទេស      វៀតណាមផងដែរ បានបង្ហាញឆន្ទៈក្នុងការក្រោកឈរដើម្បីសេរីភាពនាវាចរណ៍ និងច្បាប់អន្តរជាតិនៅ សមុទ្រខាងកើត។

ពួកគេបានសម្តែងក្តីសង្ឃឹមថា ប្រទេសវៀតណាមនឹងអនុវត្តន៍នូវភាពជាអ្នកដឹកនាំ នឹងធ្វើកិច្ចសហ-ប្រតិបត្តិការជាមួយដៃគូអាស៊ានលើបញ្ហាទាំងនេះក្នុងឆ្នាំខាងមុខនេះ ជាពិសេសនៅពេលដែលអាស៊ាន នឹងចិនធ្វើការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ។

សមាជិកព្រឹទ្ធសភាអាម៉េរិកបាននិយាយថា អាស៊ានគឺជាដៃគូសំខាន់មួយរបស់សហរដ្ឋអាមេរិក ដោយពួកគេបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងនេះ ដោយចាប់ផ្តើមពីកិច្ចប្រជុំកំពូលពិសេសរវាងសហរដ្ឋអាមេរិក និងអាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)