ជប៉ុន សន្យាជំរុញអ្នកនិយោគរបស់ខ្លួនមកវិនិយោគនៅខេត្ដបាត់ដំបងបន្ថែមទៀត

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ១៧ ០១ ២០៖

រដ្ឋាភិបាលជប៉ុន សន្យាជំរុញអ្នកវិនិយោគរបស់ខ្លួនមកវិនិយោគនៅខេត្ដបាត់ដំបងឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសារខេត្តមួយនេះមានសក្តានុពលច្រើនក្នុងការវិនិយោគ ពិសេសវិស័យកសិកម្ម។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម TOKIHIRO NAKAMURA អភិបាលខេត្ត EHIME នៃប្រទេសជប៉ុនមានប្រសាសន៍ថា ប្រតិភូជប៉ុនដែលមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក៏បានធ្វើដំណើរទៅទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាព និងសក្ដានុពលវិនិយោគនៅខេត្តបាត់ដំ បង។
ឯកឧត្តម បានបញ្ជាក់ថា ការធ្វើទស្សនកិច្ចនៅខេត្ដបាត់ដំបងនេះ ប្រតិភូបានចាប់អារម្មណ៍ចំពោះខេត្តបាត់ដំបងយ៉ាងខ្លាំង ហើយក៏មានបំណងក្នុងការមកវិនិយោគនៅទីនោះ ខណៈដែលខេត្ដមួយនេះមានសក្ដានុពលដំណាំកសិកម្ម ហើយក៏មានក្រុមហ៊ុនជប៉ុនកំពុងវិនិយោគស្រាប់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ខេត្ត EHIME នៃប្រទេសជប៉ុន បានកសាងទំនាក់ទំនងយ៉ាងល្អជាមួយខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា ដោយបានបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងខេត្ត និងរវាងធុរជន និងធុរជន ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ មានក្រុមហ៊ុនជប៉ុនបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបងផងដែរ។សម្ដេចសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ នឹងជំរុញឱ្យមានការវិនិយោគពីជប៉ុនមកខេត្តបាត់ដំបងកាន់តែច្រើនថែមទៀត។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អនេះ មិនមែនតែរវាងខេត្តបាត់ដំបង និងខេត្ត EHIMEនៃប្រទេសជប៉ុននោះទេ ក៏ប៉ុន្តែទំនាក់ទំនងនេះ គឺជាផ្នែកមួយនៃផ្លែផ្លាកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ។ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនប៉ុន ដែលតែងតែបានចូលរួមជួយជ្រោមជ្រែងការអភិវឌ្ឍកម្ពុជារហូតមក៕