រដ្ឋបាលខេត្តបាត់ដំបងប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅសាលាខេត្តបាត់ដំបងចំនួន១០៥នាក់

វិទ្យុជាតិកម្ពុជា: ស្រីផល ៖

រដ្ឋបាលខេត្តបាត់ដំបងប្រកាសជ្រើសរើស មន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២០នេះ សរុបចំនួន១០៥រូប ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅសាលាខេត្តបាត់ដំបង ការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានប្រកាសចែកពាក្យ ទទួលពាក្យចុះឈ្មោះ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅសាលាខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២០ សរុបចំនួន១០៥រូប ក្នុងនោះមានមន្ត្រីជាប់កិច្ចសន្យាបំពេញការងារជាមន្ត្រីការិយាល័យ ចំណុះរចនាសម្ព័ន្ធសាលាខេត្តចំនួន៥៣រូប និងមន្ត្រីជាប់កិច្ចសន្យាបំពេញការងារ ជាអ្នកសំអាតអនាម័យ និងថែទាំសួនច្បារនានា ក្នុងក្រុងបាត់ដំបងចំនួន៥២រូប។ ការទទួលពាក្យនឹងត្រូវផ្តើមចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣០ នាទី ។ប្រភពដដែលបានឲ្យដឹងទៀតថា បេក្ខជនដែលមានសិទ្ធិសុំចុះឈ្មោះជ្រើសរើស គឺជាមន្ត្រីជាប់កិច្ចសន្យា បំពេញការងារជាមន្ត្រីការិយាល័យ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត(ចំនួន៥៣រូប) ត្រូវមានសញ្ជាតិខ្មែរ មិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិពលរដ្ឋ មានកាយសម្បទាគ្រប់គ្រាន់ មានសុខភាពល្អ។ ករណីបេក្ខជនជាជនពិការ សាមីខ្លួនត្រូវមានស្ថានភាពពិការ ភាពសមស្របដែលអាចបំពេញការងារបាន ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ បេក្ខជនត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពចំពោះករណី ៖ មានកម្រិតវប្បធម៌ចាប់ពីមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលឡើង និងមានកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសញ្ញាបត្រជំនាញ (នីតិសាស្ត្រ, ព័ត៌មានវិទ្យា វិស្វកម្មសំណង់ ) ស៊ីវិល និងភាសាបរទេស។ចំពោះមន្ត្រីជាប់កិច្ចសន្យា បំពេញការងារជាអ្នកសំអាតអនាម័យ និងថែទាំសួនច្បារនានា ក្នុងក្រុងបាត់ដំបង(ចំនួន៥៣រូប) ត្រូវមានសញ្ជាតិខ្មែរ មិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិពលរដ្ឋ មានកាយសម្បទាគ្រប់គ្រាន់ មានសុខភាពល្អ។
ដូច្នេះ សូមបេក្ខជនដែលត្រូវគ្រប់លក្ខខ័ណ្ឌនៃការជ្រើសរើស រួសរាន់មកទំនាក់ទំនងយកពាក្យនិងដាក់ពាក្យសុំចុះឈ្មោះជ្រើសរើសឱ្យបានទាន់ពេលវេលាដូចបានជម្រាបជូនខាងលើ។